
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត SUV ប្រណិត Zeekr ដែលជាបុត្រសម្ព័ន្ធរបស់ Geely Motor បានប្រកាសជាផ្លូវការណ៍ថា រថយន្ត Plug-in-hybrid SUV ប្រណិតស៊េរីថ្មីម៉ូដែល 8X PHEV 2026 នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅឆមាសដំបូងក្នុងឆ្នាំ 2026 នេះ។ បើតាមរបាយការណ៍ Zeekr 8X PHEV ដែលជា High-Performance flagship SUV ត្រូវបានគេព្យាករណ៍ថា អាចនឹងមានតម្លៃចាប់ពីខ្ទង់ $61,500 ឡើងទៅ នៅទីផ្សារប្រទេសចិន ដែលជាតម្លៃធូរថ្លៃជាងបើធៀបនឹង Zeekr 9X SUV បច្ចុប្បន្ន ដែលមានតម្លៃចាប់ពីខ្ទង់ $66,600 ទៅ $85,800។
Zeekr 8X PHEV SUV ឆ្នាំ 2026 នឹងប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង SEA-S (Sustainable Experience Architecture) ដែលអាចគាំទ្រថាមពលភ្លើងកម្លាំង 900V High-voltage, ប្រើប្រាស់សាក់ស៊ីឆ្លាតវៃ Haohan AI Digital Chassis និងដំណើរដោយប្រព័ន្ធ Plug-in-hybrid ដូចគ្នានឹង Zeekr 9X ដែរ រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីឆ្លាតវៃចំនួន 3 គ្រាប់ និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging ជាដើម។ ជាមួយប្រព័ន្ធសាក់ស៊ីឆ្លាតវៃ Haohan AI Digital Chassis អាចធ្វើការបែកចែកបន្ទុកទំងន់ទៅឲ្យកង់ទាំងសងខាងស្មើរៗគ្នានៅពេលបើកបរនៅផ្លូវសើម និងរអិលក្នុងកម្រិតល្បឿន អតិបរិមា 120km/h ដែលធ្វើឲ្យរថយន្តនៅតែអាចជាន់ហ្វ្រាំងបញ្ឈប់បានដោយសុវត្ថិភាព និងមានស្ថិរភាពយ៉ាងល្អ។

សម្រាប់ការបើកបរនៅផ្លូវ off-road វិញ ប្រព័ន្ធ Haohan AI Digital Chassis នេះបានផ្តល់ឲ្យរថយន្តនូវភាពឆ្លាតវៃក្នុងការចាប់យកស្ថានភាពផ្លូវ និងធ្វើការផ្លាស់ប្តូរមុខងារបើកបរតម្រូវតាមស្ថានភាពផ្លូវដោយស្វ័យប្រវត្តិជាមួយ 7 មុខងារ ដូចជា deep snow, mud, sand, និង rocks mode…ជាដើម។ ផ្អែកទៅលើរូបភាពដែលបានទម្លាយចេញមកនេះ គឺបង្ហាញឲ្យឃើញថា Zeekr 8X PHEV SUV គឺមានការឌីស្សាញរូបរាងបែបធំមាំដូចនឹង Zeekr 9X ដែរ ហើយនៅផ្នែកចំហៀង ឃើញមានការប្រើប្រាស់ដៃទ្វារកាន់បើកធម្មតា មិនមែនជាដៃទ្វារលាក់ hidden-door-handle ឬ retractable-door-handle ឡើយ។ រីឯយ៉ាន់កង់វិញ គឺមានពណ៌ខ្មៅភ្លឺរលោង (Gloss Black wheel) និងប្រើដង្កៀបហ្វ្រាំងពណ៌ក្រហម (red brake calliper)។

Zeekr 8X PHEV 2026 នឹងមានទំហំតូចជាងម៉ូដែល Zeekr 9X បច្ចុប្បន្នបន្តិច។ ដោយ Zeekr 9X គឺជា Large-size Flagship SUV ដែលមានប្រវែងតួរខ្លួន 5,239mm/ ទទឹង 2,029mm/ កំពស់ 1,819mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,169mm ខណៈដែរ Zeekr 8X អាចនឹងមានប្រវែងតួរខ្លួន 5.1m ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3.1m និងមានជម្រើស 5-កៅអី, 6-កៅអី និង 7-កៅអី។

មួយវិញទៀត នៅលើដំបូលខាងមុខរបស់ Zeekr 8X ឃើញមានបំពាក់នូវសែនស័រ LiDAR ដូចម៉ូដែល 9X ដែរ ដូច្នេះ អាចបញ្ជាក់បានថា 8X នឹងគាំទ្រនូវប្រព័ន្ធជំនួយការសុវត្ថិភាពបើក Geely G-Pilot H7 និង H9 level 3 advanced driving assistance អាស្រ័យលើជម្រើសម៉ូដែល។ ដោយម៉ូដែលប្រើប្រព័ន្ធ G-Pilot H7 គឺគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Drive Thor-U chip មានកម្រិតនៃភាពឆ្លាតវៃ 700 TOPS ខណៈ H9 គាំទ្រដំណើរការដោយ Nvidia Drive Thor-U chips ចំនួន 2 ដើម៕
