
ថ្មីៗនេះក្រុមហ៊ុនរថយន្តម៉ាក Zeekr ដែលជាម៉ាកយីហោរថយន្តអគ្គិសនីប្រណិតបង្កើតឡើងដោយក្រុមហ៊ុន Geely Holding Group co.,Ltd បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីប្រភេទ Compact SUV ស៊េរីថ្មីម៉ូដែល Zeekr X នៅទីផ្សារហុងកុង បន្ទាប់ពីការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសថៃកាលពីថ្ងៃទី 11 ខែកក្តដា ថ្មីៗនេះ។ ហុងកុងត្រូវបានគេទទួលស្គាល់ថា ជាមជ្ឈមណ្ឌលអន្តរជាតិរបស់ប្រទេសចិន ហើយការការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មី Zeekr X គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Zeekr ចំពោះការពង្រីកទីផ្សារសកលលោកនៃម៉ាកយីហោរថយន្តរបស់ខ្លួន។
រថយន្តអគ្គិសនីស៊េរីថ្មី Zeekr X ដែលប្រកាសចេញលក់នៅទីផ្សារហុងកុង គឺជា្រភេទប្រើចង្កូតស្តាំ ដែលមានពីរជម្រើសម៉ូដែល ក្នុងនោះមានម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ (single-motor) ដំណើរការដោយប្រព័ន្ធ rear-wheel-drive system និងប្រើម៉ូទ័រពីរ (dual-motor) ដំណើរការដោយប្រព័ន្ធ four-wheel-drive system)។ ចំពោះតម្លៃវិញសម្រាប់ម៉ូដែល single-motor rear-wheel-drive គឺខ្ទង់ 249,900 ដុល្លារហុងកុង ឬស្មើនឹងប្រមាណ 32,000 ដុល្លារអាមេរិក។ ម៉ូដែលនេះបំពាក់ម៉ូទ័រអគ្គិសនីដែលមានកំលាំង 200kW និងកំលាំងរមូល 343Nm ដែលអាចជាន់ល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 5.6 វិនាទី។

ដោយឡែកសម្រាប់ម៉ូដែល Dual-motor មានតម្លៃខ្ទង់ 269,900 ដុល្លារហុងកុង ឬស្មើនឹងប្រមាណ 34,600 ដុល្លារអាមេរិក។ ហើយម៉ូដែលនេះប្រើប្រាស់ម៉ូដែលដែលអាចផលិតកំលាំងសរុបបានដល់ 315kW និងកំលាំងរមូល 543Nm ដែលអាចជាន់ស្ទុះល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 3.8 វិនាទី។ សម្រាប់កញ្ចប់អាគុយវិញ Zeekr X ទាំងពីរម៉ូដែលនេះ បានប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីទំហំ 66kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 440km និង 420km បើតាមការបញ្ជាក់ពីស្ថាប័ន WLTP។
សម្រាប់ប្រព័ន្ធសុវត្ថិភាពបើកបរវិញ Zeekr X បានបំពាក់នូវប្រព័ន្ធកាមេរ៉ាមួយជុំរថយន្តចំនួន 5 គ្រាប់ រួមជាមួយសែនស័រចាប់សញ្ញាប្រភេទ millimeter-wave radars ចំនួន 5 គ្រាប់ និង Ultrasonic sensor ចំនួន 12 គ្រាប់។ បន្ថែមពីនេះ Zeekr X នៅមានបំពាក់ប្រព័ន្ធមុខងារជំនួយការបើកបរកម្រិត Advanced driving assistance ដែលមានមុខងារកំណត់ល្បឿនតាមរថយន្តខាងមុខ adaptive cruise control និងមុខងាររក្សាគន្លងផ្លូវ land change assist ជាដើម។

នៅផ្នែកខាងក្នុងរថយន្តមានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch LCD Instrument panel, អេក្រង់កម្សាន្តទំហំ 14.6-inch នៅកណ្តាលជាប្រភេទ touchscreen ដែលអាចរំកឹលមកផ្នែកខាងមុខកៅអីអ្នករួមដំណើរបាន និងប្រព័ន្ធមុខងារបង្ហាញលើកញ្ចក់ខាងមុខ (Head-up display) អាចបង្ហាញបានទំហំ 24.3-inch។ Zeekr X បានប្រើប្រាស់ប្រព័ន្ធគ្រោងរថយន្តប្រភេទ Sustainable Electric Architecture (SEA) របស់ក្រុមហ៊ុន Geely ដែលធ្វើឲ្យរថយន្ត Compact EV-SUV មួយនេះមានប្រវែងបណ្តោយ 4,450mm/ ទទឹង1,836mm/ កម្ពស់ 1,572mm និងគម្លាតចន្លោះកង់មុខក្រោយ 2,750mm។

បច្ចុប្បន្នម៉ាកយីហោរថយន្ត Zeekr បានពង្រីកទីផ្សារលក់រថយន្តខ្លួនបានជាង 25 នៅទូទាំងពិភពលោក ហើយក្រុមហ៊ុនគ្រោងពង្រីកដែនទីផ្សារបន្ថែមទៀតឲ្យបានដល់ជាង 50 នៅក្នុងឆ្នាំ 2024 នេះ។ នៅក្នុងព្រឹត្តិការណ៍ហុងកុង Hong Kong Event អនុប្រធានក្រុមហ៊ុន Zeekr លោក Chen Yu បានសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រក្នុងការបង្កើនកំណើនទីផ្សារនៃម៉ាកយីហោរថយន្ត Zeekr ដោយបានបង្ហាញពីស្មារតីនៃភាពច្នៃប្រឌិត និងមហិច្ឆតាជាសកលរបស់ Zeekr ជាមួយនឹងម៉ូដែល Zeekr X និង Zeekr 009 ដែលនឹងមកដល់នាពេលខាងមុខ៕
