
ក្រុមហ៊ុន OnePlus ទើបតែបានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី OnePlus 12 រួមជាមួយ OnePlus 12R និងកាសស្តាប់ស៊េរីថ្មី OnePlus Buds 3 នៅក្នុងទីផ្សារប្រទេសឥណ្ឌា និងទីផ្សារសកល។ ផលិតផលថ្មីរបស់ OnePlus ទាំងអស់នេះ នឹងត្រូវចេញលក់ផ្លូវការណ៍នៅថ្ងៃទី 30 ខែមករា សប្តាហ៍ក្រោយនេះ។ ហើយនៅពេលនេះ OnePlus ក៏បានបើកទទួលការបញ្ជាទិញមុនផងដែរ។ ហើយបើតាមរបាយការណ៍របស់ OnePlus បានឲ្យដឹងថា ការបញ្ជាទិញ OnePlus 12 មានការកើនឡើងដល់ទៅ 212% ក្នុងថ្ងៃបើកបញ្ជាទិញដំបូង ធៀបនឹងជំនាន់ OnePlus 11 ដែលចេញឆ្នាំមុន។ ទោះជាយ៉ាងណា OnePlus មិនបានបញ្ជាក់តួរលេខដែលក្រុមហ៊ុនទទួលបានពីការបញ្ជាទិញ OnePlus 12 នោះទេ។
OnePlus 12 បំពាក់បច្ចេកវិទ្យាអេក្រង់ OLED កម្រិតបង្ហាញ 2K ទំហំ 6.82 អ៊ីញ ជាមួយកម្រិតពន្លឺខ្ពស់ដល់ 4,500nits។ ជាមួយគ្នានេះ OnePlus ក៏បានបំពាក់នូវឈីបជំនួយអេក្រង់ Display P1 Chip ដើម្បីជួយបង្កើនគុណភាពបង្ហាញរបស់អេក្រង់ឲ្យបានកាន់តែច្បាស់ខ្លាំង ប៉ុន្តែ ប្រើប្រាស់ថាមពលថ្មតិច។ ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ ប្រើប្រាស់បន្ទះឈីបកំពូល Qualcomm Snapdragon 8 Gen 3 និងភ្ជាប់ជាមួយរ៉េមទំហំ 16GB LPDDR5X រួមនឹងអង្គផ្ទុកទិន្នន័យទំហំធំដល់ 512GB UFS4.0។ បន្ថែមពីនេះ OnePlus ក៏បានបំពាក់នូវឈីប X7 Independent Visual processor ដើម្បីជំនួយដល់ដំណើរការលេងហ្គេមឲ្យកាន់តែមានភាពរលូនថែមមួយកម្រិតទៀត។

OnePlus 12 មានប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយមានសែនស័រមេទំហំ 50MP ជាសែនស័រ Sony LYT-808 រួមជាមួយសែនស័រ Periscope telephoto ទំហំ 64MP ជាសែនស័រ OmniVision OV64B ដែលមានសមត្ថភាពអាចពង្រីកប្លង់ថតបាន 3X Optical-zoom ដល់ 120X Digital-zoom និងសែនស័រចុងក្រោយជា Ultra-wide មានទំហំ 48MP។ ចំនែកកាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP។ ស្មាតហ្វូនជំនាន់ថ្មីនេះមានថ្មទំហំ 5,400mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W SuperVOOC Fast Charging ព្រមជាមួយបច្ចេកវិទ្យាសាកភ្លើងឥតខ្សែកំលាំង 50W Wireless Fast Charging និងមានមុខងារ reverse wireless charging ថែមទៀតផង។

ហើយអ្វីដែលពិសេស OnePlus 12 ក៏បានបំពាក់នូវប្រព័ន្ធបន្សាបកំដៅប្រភេទ Cryo velocity cooling system ដែលមានផ្ទៃក្រឡាទំហំ 9140 mm² VC heat dissipation។ ហើយ OnePlus ក៏បានសន្យាថា OnePlus 12 គឺទទួលបានការធ្វើបច្ចុប្បន្នភាព Android ចំនួន 4 ឆ្នាំ និងប្រព័ន្ធសុវត្ថិភាព Security Patches រយះពេល 5 ឆ្នាំឯណោះ៕
