ស្វែងរកពួកយើង:

ការឌីស្សាញ realme 13 Pro series ត្រូវគេបញ្ចេញជាមួយជម្រើស 3 ពណ៌យ៉ាងស្រស់ស្អាតបំផុត

ដោយ

Koun Jab Luffy

12 កក្កដា 2024 01:22 រសៀល

អាន 2 នាទី

Article image
រូបភាពថ្មីមួយបានទម្លាយអំពីការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូន realme 13 Pro series។ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែមុនការប្រកាសជាផ្លូវការនេះ ពណ៌ និងការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ត្រូវបានគេទម្លាយចេញហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានជម្រើស 3 ពណ៌ សម្រាប់ធ្វើការជ្រើសរើស ហើយមួយនឹងមានប្រើប្រាស់នូវស្បែក vegan leather ផងដែរ។
បើតាមរូបភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបង្ហោះនៅលើ X គឺមានការបង្ហាញនូវរូបរាងរបស់ស្មាតហ្វូន  realme 13 Pro series នេះហើយ។ ក្រុមហ៊ុន realme បានបង្ហាញនូវពណ៌ច្រើនដូចជា Monet Gold, Monet Purple និងEmerald Green។ សម្រាប់ពណ៌ Emerald Green នេះនឹងមានខ្នងក្រោយផលិតចេញពីស្បែក vegan leather។ សម្រាប់ការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូន realme 13 Pro series នេះវិញ ក៏ត្រូវបានក្រុមហ៊ុននិយាយថា គឺបានសហការគ្នាជាមួយនឹង Museum of Fine Arts, Boston (MFA) នៅក្នុងការឌីស្សាញដ៏អស្ចារ្យនេះ។
ក្រុមហ៊ុននេះ បានប្រើប្រាស់នូវពន្លឺ និងស្រមោលដើម្បីឆ្លុះអោយឃើញនូវការឌីស្សាញនេះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន realme 13 Pro series នេះគឺប្រើប្រាស់នូវកញ្ចក់ AG Glass ហើយក៏មានកាមេរ៉ាធំនៅខាងក្រោយមូលដែលក្រុមហ៊ុននេះហៅថា  Sunrise Halo ។ វាក៏មាន 360 degree luxury watch-level texture នៅជុំវិញកាមេរ៉ានេះផងដែរ។
Article image
ស្មាតហ្វូននេះ ក៏មានកាមេរ៉ាភ្លោះនៅខាងក្រោយដែលមានទំហំ 50-Megapixel Sony LYT 701 (មុនគេរបស់ពិភពលោក) និង 50-Megapixel Sony LYT 600 periscope telephoto។ ក្រុមហ៊ុន realme ក៏បានបំពាក់នូវមុខងារ AI ជាច្រើនទៀតដូចជា HYPERIMAGE+ ដែលពង្រឹងទៅលើភាពច្បាស់នៃរូបភាពថែមទៀតផង។ ក្រុមហ៊ុននេះ ក៏នឹងបង្ហាញនូវស្មាតហ្វូន realme 13 Pro និង realme 13 Pro+ នៅក្នុងប្រទេសឥណ្ឌានៅក្នុងខែនេះផងដែរ។ សម្រាប់ព័ត៌មានជាច្រើនទៀតនឹងទម្លាយនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ការឌីស្សាញ realme 13 Pro series ត្រូវគេបញ្ចេញជាមួយជម្រើស 3 ពណ៌យ៉ាងស្រស់ស្អាតបំផុត