
នៅក្នុងការចាប់ផ្តើមឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន OPPO មើលទៅហាក់ដូចជាមានភាពមមាញឹកជាខ្លាំងជាមួយនឹងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Reno 13 Series សម្រាប់ទីផ្សារសកលនោះ ក៏ដូចជាត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូនថ្មីៗទៀតដូចជា OPPO Find N5, Find X8 Ultra និង Find X8 Mini នៅលើទីផ្សាររបស់ចិន។ តាមការបង្ហោះនៅលើ Weibo របស់លោក Zhou Yiba ដែលជាប្រធានផ្នែកផលិតផល OPPO Find គឺមានការបញ្ជាក់ពីពេលវេលានៃការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Find N5 ផងដែរ។ ពេលនេះ អ្នកទម្លាយនេះ ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនបត់បាន OPPO Find N5 ផងដែរ។
ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 នេះ នឹងមានអេក្រង់ខាងក្រៅទំហំ 6.4-អ៊ីងទ្រទ្រង់ជាមួយនឹងកម្រិត 120Hz refresh rate ខណៈដែលអេក្រង់ខាងក្នុងមានទំហំដល់ទៅ 8-អ៊ីង ហើយនិងអាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 2K resolution រួមនិងល្បឿន 120Hz refresh rate ទៀតផង។ អេក្រង់នេះ គឺល្អបំផុតនៅក្នុងការលេងហ្គេម ការទស្សនាវីដេអូ ឬការងារ multi-tasking។ នៅលើស្មាតហ្វូនអេក្រង់បត់បាន Find N5 នេះ ក្រុមហ៊ុន OPPO អាចនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលជាបន្ទះឈីបជំនាន់ថ្មីនេះមានសមត្ថភាពខ្ពស់បំផុត។

ស្មាតហ្វូនអេក្រង់បត់បាន Find N5 នេះ អាចនឹងមានថាមពលថ្មទំហំ 5700mAh រួមជាមួយនិងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W wired charging ដែលធំជាងថាមពលថ្មរបស់ Find N3 ដែលមានថាមពលថ្មទំហំ 4805mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនត្រឹមតែ 67W wired charging។ ស្មាតហ្វូនអេក្រង់បត់បាន Find N5 នេះ ក៏អាចនឹងមានបច្ចេកវិទ្យា 50W wireless charging ផងដែរ។យោងតាមអ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូន OPPO Find N5 នេះ គឺមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 នេះ អាចនឹងមានកាមេរ៉ា 3 គ្រាប់ដែលកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide sensor និងគ្រាប់ទីបីមានទំហំ 50MP telephoto sensor។ ក្រុមហ៊ុន OPPO អាចនឹង បង្ហាញនូវស្មាតហ្វូនបត់បាន Find N5 នេះ ក្រោយពិធីបុណ្យចូលឆ្នាំចិន 2025 នេះ។ ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំ 2025 នេះ។ ជាមួយគ្នានេះ ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 ក៏នឹងក្លាយជាម៉ូដែល rebrand របស់ស្មាតហ្វូនអេក្រង់បត់បាន OnePlus Open 2 ដែលនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះផងដែរ៕
