
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនម៉ូដែលពិសេស Honor Magic 8 RSR ខណៈដែលការបែកធ្លាយចុងក្រោយបំផុតនេះ បានបង្ហើបថា ក្រុមហ៊ុន Honor ក៏បានត្រៀមបញ្ចេញស្មាតហ្វូនម៉ូដែលពិសេសនេះនៅលើទីផ្សារផងដែរ។ តាមការចែក រំលែកព័ត៌មានថ្មីនេះ ចេញពីអ្នកទម្លាយ Digital Chat Station នាពេលថ្មីៗនេះ គឺបានបញ្ចេញនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូនអេក្រង់បត់នេះនៅលើ Weibo ផងដែរ។
តាមរយៈនៃការបែកធ្លាយខាងលើនេះ ក្រុមហ៊ុន Honor នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 នៅលើស្មាតហ្វូន Magic 8 RSR នេះ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 24GB និងម៉េមូរីទំហំ 1TB ដូចទៅនឹងស្មាតហ្វូន Magic 7 RSR អញ្ចឹង។

ទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូនម៉ូដែលពិសេសនេះ មានអេក្រង់ទំហំ 6.71 អ៊ីង LTPO display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2808×1256 pixels។ នៅលើអេក្រង់របស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន Honor ក៏មានបំពាក់នូវសិនស័រ 3D Face Scanner ហើយនឹងបច្ចេកវិទ្យា 3D Ultrasonic ផងដែរ។ ចំពោះថាមពេលថ្មវិញ ក្រុមហ៊ុន Honor អាចនឹងប្រើប្រាស់នូវថ្មទំហំ 7200mAh និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 120W wired រួមនិង wireless ផងដែរ។ ស្មាតហ្វូន Magic 8 RSR នេះបំពាក់នូវ IP68, IP69 និង IP69K ហើយវាមាន 2 ពណ៌គឺ Slate Grey និង Moonstone។

ក្រៅពីស្មាតហ្វូន Honor Magic 8 RSR នេះ ក្រុមហ៊ុន Honor ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនចំនួន 2 ទៀតនៅក្នុងត្រកូលស្មាតហ្វូន Honor 8 Series នេះផងដែរ ក្នុងនោះមានដូចជា Magic 8S និង Magic 8 Air។ របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំណាន់ថ្មី Honor Magic 8 Air និង Honor Magic 8 RSR នឹងបង្ហាញខ្លួននៅពាក់កណ្តាលទៅចុងខែមករាខាងមុខនេះហើយ៕
