ស្វែងរកពួកយើង:

ការឌីស្សាញថ្មីរបស់ iPhone 16 Pro នឹងមានការបំពាក់ប៊ូតុងថ្មី Capture Button ស្ថិតនៅលើគែមខាងឆ្វេង

ដោយ

Koun Jab Luffy

11 មីនា 2024 02:44 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមការងារ CAD Design បានធ្វើការបញ្ចេញគំរូព្រាងរបស់ iPhone 16 Pro ដែលបង្ហាញពីការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះពីជំនាន់ iPhone 15 Pro បច្ចុប្បន្ន។ ដោយនៅលើផ្ទៃអេក្រង់ខាងមុខបានបង្ហាញពីការរក្សានៅការឌីស្សាញជាមួយរន្ធ Dynamic Island ដែលមានពីរន្ធដូចគ្នាទៅនឹងជំនាន់ iPhone 15 Pro Series ដដែល។ ចំនែកប្រព័ន្ធកញ្ចប់កាមេរ៉ាក្រោយវិញ ហាក់នៅមានការឌីស្សាញដូចគ្នាផងដែរ គ្រាន់តែមានការរចនាឡើងជាមួយនឹងគែមនៃកញ្ចប់របស់កាមេរ៉ារាងមូលជាងបន្តិចប៉ុណ្ណោះ។
ចំនែកការរៀបប៊ូតុងនៅលើគែមជុំវិញនៃគំរូរបស់ iPhone 16 Pro គឺនៅរក្សាដូចគ្នានឹង iPhone 15 ផងដែរ គ្រាន់តែ យើងឃើញមានប៊ូតុងថ្មីមួយទៀតស្ថិតនៅលើស៊ុមផ្នែកខាងឆ្វេង ដែលប៊ូតុងនេះត្រូវបានគេដឹងលឺថា ជា Capture Button ហើយការដំឡើងប៊ូតុងថ្មីនេះ គឺស្ថិតនៅត្រង់កន្លែងនៃខ្សែអង់តែនសេវា mmWare តែម្តង។ សម្រាប់ Capture Button នេះ ក៏ត្រូវបានគេដឹងថា ប្រើជាសំខាន់សម្រាប់ការគ្រប់គ្រងទៅលើមុខងារកាមេរ៉ាថតរូប និងវីដេអូ ជាពិសេសទៅលើមុខងារ Zoom តែម្តង ហើយការប្រើប៊ូតុងថ្មីនេះ ក៏ធ្វើឲ្យការដំណើរការកម្មវិធីកាមេរ៉ាថតរូប និងវីដេបានឡើងរហ័សថែមទៀតផង។ បន្ថែមពីនេះ Capture Button ក៏អាចនឹងប្រើសម្រាប់មុខងារ AI ផងដែរ។ បើតាមការលេចលឺដំណឹងថ្មីៗនេះ Apple នឹងធ្វើការបំពាក់នូវមុខងារ AI នៅលើ iPhone 16 Series ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យសម្រាប់ការអ្នកប្រើប្រាស់ iPhone។
ក្រៅតែពីដំណឹងនៃការដាកបន្ថែមនូវប៊ូតុងថ្មី (Capture Button) ទៅ Apple ត្រូវបានគេដឹងថា នឹងមានការបង្កើនទំហំអេក្រង់របស់ iPhone 16 Pro Series ផងដែរ នៅឆ្នាំនេះ។ ដោយក្នុងនោះ iPhone 16 Pro នឹងកើនទំហំដល់ 6.3-inch ធៀបនឹង 6.1-inch នៅលើ iPhone 15 Pro ខណៈ iPhone 16 Pro Max នឹងកើនទំហំដល់ 6.9-inch ធៀបនឹង 6.7-inch នៅលើ iPhone 15 Pro Max បច្ចុប្បន្ន។ ហើយបន្ទះអេក្រង់របស់ iPhone 16 Pro Series ក៏នឹងមានគែមតូចស្តើងជាង iPhone 15 Pro Series ផងដែរ។ ចំពោះប្រព័ន្ធកាមេរ៉ាវិញ នៅលើ iPhone 16 Pro នឹងទទួលបានការបន្ថែមនូវលែន 5x Telephoto ដូចគ្នានឹងម៉ូដែលបងធំ iPhone 16 Pro Max ផងដែរ ដែលនឹងធ្វើឲ្យការថតរូបកាន់តែមានភាពអស្ចារ្យថែមទៀតផង។
Article image
ហើយចំពោះ iPhone 16 Pro Max វិញ នឹងទទួលបានសែនស័រ Ultra-wide ទំហំកើនដល់ 48MP ដែលមានន័យថា iPhone 16 Pro Max នឹងទទួលបានសែនស័រកាមេរ៉ាទំហំ 48MP ទាំងបីគ្រាប់តែម្តង។ ទន្ទឹងជាមួយគ្នានេះ CAD Design ក៏បានធ្វើការបង្ហាញចេញនូវគំរូឌីស្សាញរបស់ iPhone SE 4 ផងដែរ ដោយបង្ហាញថា iPhone កម្រិតថវិកាជំនាន់ថ្មីនេះ គឺមានការខ្ចីការឌីស្សាញចេញពី iPhone 14 Series៕
ការឌីស្សាញថ្មីរបស់ iPhone 16 Pro នឹងមានការបំពាក់ប៊ូតុងថ្មី Capture Button ស្ថិតនៅលើគែមខាងឆ្វេង