
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន Honor បានចេញមកបញ្ជាក់ជាផ្លូវការ ខ្លួននឹងមានរៀបចំនូវព្រឹត្តិការណ៌ដ៏ធំមួយនៅថ្ងៃទី 18 ខែមីនានៅក្នុងប្រទេសចិន ដែលព្រឹត្តិការណ៌នេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនម៉ូដែលពិសេសចំនួន 3 រួមមានដូចជា Magic 6 Ultimate Edition, Magic 6 RSR Porsche Design និង MagicBook 16 Pro notebook។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានអោយដឹងថា ក្រុមហ៊ុននេះបានចាប់ផ្តើមទម្លាយចេញនូវ Official Poster ដែលមានការបញ្ជាក់ពីការឌីស្សាញទៅលើស្មាតហ្វូនម៉ូដែល Ultimate ហើយ។ ជាមួយគ្នានេះ អ្នកទម្លាយ Digital Chat Station ក៏បានធ្វើការចែកចាយនូវព័ត៌មានលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះដូចគ្នា។
បើមើលទៅលើរូបភាពដែលបានទម្លាយចេញនៅថ្ងៃនេះ គឺបានបង្ហាញថា ស្មាតហ្វូនម៉ូដែលពិសេស Honor Magic 6 Ultimate Edition អាចនឹងមា 2 ពណ៌ រួមមានដូចជា Sky Purple និង Rock Black។ ជាមួយគ្នានេះបើមើលទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ាស្មាតហ្វូននេះ ក៏មានការបញ្ជាក់ថា Honor Magic 6 Ultimate Edition នឹងមានបំពាក់នូវសិនស័រកាមេរ៉ាចំនួន 3 គ្រាប់ រួមជាមួយនិង LED flash។ នៅក្នុងចំណោមកាមេរ៉ាទាំងនោះ ក៏មានការសិនស័រ periscope telephoto camera ដែលអាចហ៊្សូមបាន 100x digital zoom ថែមទៀតផង។
យោងតាមការទម្លាយរបស់ Digital Chat Station បានបន្ថែមថា ស្មាតហ្វូន Honor Magic 6 Ultimate គឺមានការបំពាក់នូវអេក្រង់គែមកោង Quad-Curved OLED ហើយនិងមានមរន្ធមួយគ្រាប់នៅអេក្រង់ ដូចអ្វីដែលយើងឃើញនៅលើ Magic 6 Pro អញ្ចឹងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាមុខទំហំ 50-Megapixel selfie គាំទ្រដោយមុខងារ Autofocus ហើយនិងមានបច្ចេកវិទ្យា ToF 3D depth sensor សម្រាប់ biometrics ថែមទៀតផង។ អេក្រង់របស់ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាអេក្រង់ LTPO technology បង្ហាញចេញបានកម្រិត 1.5K resolution ថែមទៀតផង។
Digital Chat Station បានបន្តថា ស្មាតហ្វូនម៉ូដែលពិសេស Magic 6 Ultimate Edition នេះ គឺមានស៊ុមឌីស្សាញចេញពីលោហៈ និងមានខ្នងក្រោយឌីស្សាញចេញពីស្បែក។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50-Megapixel និងមានកម្រិត f/4.0 ទៅ f/2.0 variable apertures ហើយក៏មាន f/2.6 aperture ផងដែរ។ ស្មាតហ្វូននេះ ក៏ត្រូវបានគេបំពាក់នូវកាមេរ៉ាទំហំ 100-Megapixel periscope telephoto ដែលមានសមត្ថភាពអាចហ៊្សូមបាន 100x digital zoom ផងដែរ។ សម្រាប់ម៉ូដែល Magic 6 RSR ទំនងជានឹងប្រើប្រាស់នូវលក្ខណៈសម្បត្តិដូចគ្នានេះដែរ។

Magic 6 Ultimate Edition ត្រូវគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយក៏នឹងមានការគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 80W fast charging ថែមទៀតផង។
