
ក្រុមហ៊ុន Apple កំពុងតែត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone ដែលមានការឌីស្សាញរូបរាងមានកម្រាស់ស្តើងជាងគេរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះហើយ។ ខណៈពេលនេះ ការបែកធ្លាយជាច្រើន គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានឈ្មោះហៅថា iPhone 17 Air ហើយនឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាងកាន់តែប្លែកពីជំនាន់មុនផងដែរ។
ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 5.5mm នោះ និងមានអេក្រង់ទំហំ 6.6-អ៊ីងនេះ បានធ្វើអោយស្មាតហ្វូនជំនាន់ថ្មី iPhone 17 Air នេះ នឹងក្លាយជាស្មាតហ្វូន iPhone ដែលមានកម្រាស់ស្តើងបំផុត។ បើធ្វើការប្រៀបធៀបជាមួយនិងស្មាតហ្វូន iPhone 16 Pro ដែលមានលក់នៅលើទីផ្សារនាពេលនេះ គឺមានកម្រាស់ដល់ទៅ 8.25mm។ តាមការបញ្ជាក់ចេញពី AppleTrack ក៏បានទម្លាយអំពីការឌីស្សាញទៅលើផត USB-C របស់ស្មាតហ្វូននេះផងដែរ។
បើមើលទៅលើផ្នែក Speakers របស់ស្មាតហ្វូននេះ គឺមានរន្ធប្រហោងតែ 2 ប៉ុណ្ណោះ សម្រាប់ផ្នែកម្ខាង ខណៈដែលស្មាតហ្វូនមុននេះ គឺមានរន្ធប្រហោងដល់ទៅ 5។ ការកាត់បន្ថយទៅលើរន្ធប្រហោងនេះ គឺដើម្បីសន្សំនូវទំហំសម្រាប់បំពាក់នូវថាមពលថ្ម បន្ទះឈីប អេក្រង់កាន់តែធំជាងមុនជាដើម។ ជាមួយនិងការពង្រីកទំហំកាន់តែច្រើនជាងមុននោះ ក្រុមហ៊ុន Apple ក៏បំពាក់នូវកាមេរ៉ាតែ ១ គ្រាប់ប៉ុណ្នោះទៅលើស្មាតហ្វូន iPhone 17 Air នោះ។ ក្រុមហ៊ុននេះអាចនឹងដកចេញនូវ physical SIM card slot ដោយជំនួសមកវិញនូវ eSIM-only ទៀតផង។

ការផ្លាស់ប្តូរមួយទៀតដ៏គួរអោយចាប់អារម្មណ៍ទៅលើស្មាតហ្វូន iPhone ថ្មីនេះ គឺការប្រើប្រាស់នូវ C1 modem ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16e។ ប្រភពជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន iPhone 17 Air នេះ នឹងមានថាមពលថ្មដែលស្មើទៅនឹងស្មាតហ្វូន iPhone បច្ចុប្បន្ននេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងប្រកាសបង្ហាញនូវស្មាតហ្វូន iPhone 17 series នៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ដែលវានឹងមានវត្តមានការប្រកាសនៃ AirPods Pro ជំនាន់ទី 3 ផងដែរ៕
