ស្វែងរកពួកយើង:

ការឌីស្សាញរូបរាងថ្មីទៅលើ iPhone 17 Pro មើលទៅស្រដៀងគ្នាទៅនឹង POCO

ដោយ

Koun Jab Luffy

16 កុម្ភៈ 2025 11:45 ថ្ងៃត្រង់

អាន 2 នាទី

Article image
គិតត្រឹមថ្ងៃនេះ បើនិយាយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 17 Pro គឺនៅសល់ពេលជាច្រើនខែទៀត។ ប៉ុន្តពេលនេះ មានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មីនេះបណ្តើរៗហើយ។ បើតាមការបែកធ្លាយជាច្រើន បានអះអាងថា ក្រុមហ៊ុន Apple អាចនឹងធ្វើការរៀបចំឡើងវិញទៅលើទម្រង់នៃកាមេរ៉ា ប៉ុន្តែរូបភាព 3D Renders ថ្មីមួយ ដែលបានបញ្ចេញពី Jon Prosser ក៏បានបង្ហាញអំពីទម្រង់នៃការឌីស្សាញកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះហើយ។
នៅក្នុងវីដេអូមួយបង្ហោះនៅលើ Front Page Tech channel របស់គាត់! លោក Prosser បានចែករំលែករូបភាព render របស់ស្មាតហ្វូន  iPhone 17 Pro។ បើមើលទៅលើរូបភាពទាំងនេះ គឺបានបង្ហាញថា ក្រុមហ៊ុននេះ ប្រហែលជាមិនទាន់ផ្លាស់ប្តូរទៅលើទម្រង់នៃកាមេរ៉ានោះទេ ប៉ុន្តែអាចនឹងផ្ទាំងកាមេរ៉ាធំ និងវែងជាងមុន។
សម្រាប់ការឌីស្សាញនេះ គឺមានកាមេរ៉ាក្រោយ 3 គ្រាប់ នៅខាងឆ្វេង ហើយសម្រាប់ LED Flash, microphone និង  LiDAR sensor គឺស្ថិតនៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។  បើមើលទៅលើទម្រង់នៃការឌីស្សាញនេះដែល ត្រូវបានមតិមួយនិយាយថា គឺអាចនឹងស្រដៀងគ្នាទៅនឹងការឌីស្សាញនៃស្មាតហ្វូនលំដាប់ថវិកា POCO របស់ក្រុមហ៊ុន Xiaomi អញ្ចឹង។
Article image
លោក Prosser ក៏បញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Pro ខាងក្រោយនេះ អាចនឹងមានការប្រើប្រាស់នូវ 2 Tones ប៉ុន្តែក្រុមហ៊ុន Apple ក៏អាចនឹងរក្សានូវផ្នែកខាងក្រោយតែមួយពណ៌។ ស្មាតហ្វូន iPhone 17 Pro នេះ នឹងមានទម្ងន់ស្រាលជាងស្មាតហ្វូនជំនាន់មុន ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការទៅលើវត្ថុធាតុដើមសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននេះដើម្បីកាត់បន្ថយទម្ងន់ស្មាតហ្វូននេះនៅឡើយទេ៕