ស្វែងរកពួកយើង:

ការនាំចេញ Xiaomi SU7 បានចំនួនជាង 13 ម៉ឺនគ្រឿងជាចំនួនលើសការរំពឹងទុក

ដោយ

Koun Jab Luffy

30 ធ្នូ 2024 11:42 ថ្ងៃត្រង់

អាន 3 នាទី

Article image
ការនាំចេញរថយន្តអគ្គិសនីប្រភេទ Sedan ដំបូងរបស់ Xiaomi ម៉ូដែល SU7 គឺបានចំនួន 130,000 គ្រឿងនៅក្នុងទីផ្សារប្រទេស ចិន។ សម្រាប់ការនាំចេញ Xiaomi SU7 គឺមានរយះពេល 9 ខែ ដើម្បីបំពេញតាមគោលដៅដែលក្រុមហ៊ុនបានគ្រោងទុកសម្រាប់ រយះពេលពេញមួយឆ្នាំ។ ចាប់ពីថ្ងៃទី 13 ក្នុងខែវិច្ឆិកា កន្លងទៅ Xiaomi បានធ្វើការនាំចេញ SU7 បានចំនួនជាង 30,000 គ្រឿង។
Xiaomi SU7 គឺជាប្រភេទរថយន្តអគ្គិសនី middle-to-high electric sedan ដំបូងរបស់ Xiaomi ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 28 ខែមិនា ឆ្នាំ 2024 ដែលមានតម្លៃខ្ទង់ចាប់ពី $29,600 ដល់ $31,500។ បន្ទាប់ពីការប្រកាសចេញលក់ដំបូង Xiaomi SU7 ទទួលបានការបញ្ជាទិញមុនប្រមាណ 50,000 គ្រឿងត្រឹមរយះពេលតែ 27 នាទីប៉ុណ្ណោះ។ ជាមួយតួរលេខកើនឡើងនៃតម្រូវការរបស់អតិថិជនមកលើ SU7 ទើបធ្វើឲ្យ Xiaomi បង្កើនសង្វាក់ផលិតកម្មជាច្រើនដងនៅក្នុងប្រទេសចិន។ ដោយនៅថ្ងៃទី 28 ធ្នូ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តក្មេងខ្ចីរបស់ប្រទេសចិនមួយនេះ បានសម្រេចបាននូវគោលដៅក្នុងការនាំចេញរថយន្តដំបូងរបស់ខ្លួនទៅកាន់ដៃអតិថិជនទី 130,000។
Article image
Xiaomi ប្រើពេលប្រមាណជា 275 ថ្ងៃ ឬប្រហែល 9 ខែ ក្នុងការសម្រេចបាននូវចំនួនគោលដៅក្នុងការនាំចេញរថយន្តរបស់ខ្លួន។ កាលដើមឡើយ Xiaomi បានកំនត់ក្នុងការនាំចេញ SU7 តែចំនួន 100,000 គ្រឿងប៉ុណ្ណោះនៅឆ្នាំ 2024 នេះ។ ប៉ុន្តែ ក្រោយមកដោយមានសន្ទុះគាំទ្រខ្លាំងពីអតិថិជន Xiaomi បានបន្ថែមចំនួនក្នុងការនាំចេញឡើងដល់ 120,000 គ្រឿង និងចុងក្រោយនេះ តួរលេខបានឡើងដល់ 130,000 គ្រឿង។
សម្រាប់ការលក់របស់ Xiaomi SU7 មានការកើនឡើងយ៉ាងឆាប់រហ័ស ដូចនេះ នៅក្នុងខែមិថុនា Xiaomi បានបង្កើនសង្វាក់ផលិឡើងដល់ 20,000 គ្រឿងក្នុងមួយខែ។ សម្រាប់ការចេញលក់ពេញមួយខែដំបូង Xiaomi បានធ្វើការនាំចេញ SU7 ទៅកាន់ដៃអថិជនបានចំនួន 10,000 គ្រឿង។ បន្ទាប់មកការលក់បានឈានដល់ 90,000 គ្រឿង ក្នុងរយះពេល 198 ថ្ងៃ (គិតត្រឹមថ្ងៃទី 13 ខែវិច្ឆិកា)។
Article image
ជាចុងក្រោយ Xiaomi ប្រើពេលប្រមាណ 45 ថ្ងៃ ដើម្បីធ្វើការនាំចេញ SU7 បានចំនួន 30,000 គ្រឿង ដែលធ្វើឲ្យចំនួននៃការនាំចេញ SU7 សរុបបានចំនួន 130,000 គ្រឿង។ យោងតាមទិន្នន័យចុងក្រោយរបស់ China EV Data Tracker បានឲ្យដឹងថា ក្នុងខែធ្នូ នេះ Xiaomi លក់ SU7 បានចំនួន 16,328 គ្រឿង។ នៅឆ្នាំក្រោយនេះ Xiaomi នឹងធ្វើការប្រកាសបើកដំណើរការរោងចក្រផលិតរថយន្តដំណាក់កាលទីពីររបស់ខ្លួន ដើម្បីបង្កើនការផលិតបន្ថែមទៀត ដែលនឹងធ្វើឲ្យការលក់រថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ មានចំនួនកើនឡើងកាន់តែខ្លាំង។
បន្ថែមពីនេះ Xiaomi ត្រូវបានគេដឹងថា គ្រោងនឹងធ្វើការប្រកាសចេញរថយន្តថ្មីចំនួនពីរម៉ូដែលបន្ថែមទៀតនៅឆ្នាំក្រោយនេះ។ ដោយម៉ូដែលក្នុងចំណោមពីរនោះ គឺជា Xiaomi SU7 Ultra ដែលបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 និងម៉ូដែលទីពីរ គឺជារថយន្តប្រភេទ Crossover SUV ម៉ូដែល Xiaomi YU7។
Article image
សម្រាប់ SU7 ដែលជារថយន្ត Sedan បច្ចុប្បន្ននេះ គឺមានបណ្តោយ 4,997mm/ ទទឹង 1,963mm/កម្ពស់ 1,455mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm ដែលធ្វើឲ្យរថយន្តនេះមានបណ្តោយវែងជាង និងកម្ពស់ខ្ពស់ជាង Porsche Taycan បន្តិច។ សម្រាប់ម៉ូដែល SU7 Entry-level គឺដំណើរការដោយប្រព័ន្ធ RWD ប្រើម៉ូទ័រអគ្គិសនីមួយកម្លាំង 220kW ឬ 295 សេះ ជាមួយកញ្ចប់ថ្ម LFP ទំហំ 73.6kWh។ រីម៉ូដែល SU7 Top-trim ដំណើរការដោយប្រព័ន្ធ 4WD ប្រើម៉ូទ័រអគ្គិសនីពីរមានកំលាំងសរុប 495kW ឬ 663 សេះ និងមានកញ្ចប់ថ្មប្រភេទ ternary NMC ទំហំ 101kWh។ កញ្ចប់ថ្មម៉ូដែលនីមួយៗសាកពេញម្តងអាចបើកបានចម្ងាយផ្លូវពី 700km ដល់ 830km៕