ស្វែងរកពួកយើង:

ការនាំចេញរថយន្តរបស់ Li Auto ឈានដល់ចំនួន 1 លានគ្រឿងហើយគិតត្រឹមខែតុលានេះ

ដោយ

Koun Jab Luffy

09 តុលា 2024 07:58 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Li Auto នឹងសម្រេចគោលដៅក្នុងការនាំចេញរថយន្តរបស់ខ្លួនបានចំនួន 1 លានគ្រឿងនៅចុងខែតុលាខាងមុខនេះ ដែលក្រុមហ៊ុននេះត្រូវចំនាយពេលប្រមាណជា 5 ឆ្នាំ ក្នុងការសម្រេចគោលដៅក្នុងការនាំចេញនេះ។
Li Auto ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2015 ហើយរថយន្តយីហោ Li ដំបូងត្រូវបានប្រកាសចេញលក់ក្នុងឆ្នាំ 2019 នៅទីផ្សារក្នុងស្រុក គឺប្រទេសចិន។ រយះពេលប្រមាណជា 6 ខែបន្ទាប់ពីការចេញលក់ Li Auto បានធ្វើការនាំចេញរថយន្តរបស់ខ្លួនបានចំនួន 10,000 គ្រឿងប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ 2020 ក្រុមហ៊ុននេះបាននាំចេញរថយន្តរបស់ខ្លួនទៅកាន់ដៃអ្នកប្រើប្រាស់បានចំនួន 100,000 គ្រឿង។ បន្ទាប់មក Li Auto ត្រូវចំនាយពេលប្រមាណជា 3 ឆ្នាំក្នុងការលក់រថយន្តរបស់ខ្លួនបានចំនួន 900,000 គ្រឿងបន្ថែមទៀត។
Article image
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី 01 ខែតុលា Li Auto ត្រូវបានគេរាយការណ៍ថា លក់រថយន្តបានចំនួន 975,176 គ្រឿង។ ដោយក្នុងឆ្នាំ 2024 នេះ Li Auto លក់រថយន្តបានជាមធ្យមចំនួន 38,000 គ្រឿងក្នុងមួយខែ។ ដែលតួរលេខនេះត្រូវបានគេបញ្ជាក់ថា ការលក់រថយន្តរបស់ Li Auto នឹងឈានដល់ 1,000,000 គ្រឿងនៅពាក់កណ្តាលខែតុលានេះ។ សម្រាប់ការលក់រថយន្តរបស់ Li Auto ក្នុងរយះពេល 9 ខែក្នុងឆ្នាំ 2024 នេះ គឺមានចំនួន 341,812 គ្រឿង។ ក្រុមហ៊ុន Li Auto គឺជាក្រុមហ៊ុនដែលមានកំណើនការលក់រថយន្តអគ្គិសនីខ្លាំងបំផុតមួយបើធៀបនឹងក្រុមហ៊ុនរថយន្តអគ្គិសនីមួយចំនួនទៀត ដែលស្ថិតិក្នុងការលក់របស់ Li Auto គឺឡើងដល់ 71.2%។
Article image
កាលដំបូងឡើយ Li Auto គ្រោងនឹងលក់រថយន្តចំនួន 800,000 គ្រឿងនៅឆ្នាំ 2024។ ជាលទ្ធផលការលក់ត្រូវបានកាត់បន្ថយមកត្រឹម 560,000 ទៅ 640,000 គ្រឿង។ ប៉ុន្តែបរិមាណលក់នៅតែទាបជាងការរំពឹងទុក។ ជាលទ្ធផល Li Auto បានទម្លាក់គោលដៅលក់របស់ខ្លួនម្តងទៀតមកត្រឹម 480,000 គ្រឿង។ ទោះយ៉ាងណាក៏ដោយ Li Auto នៅតែជាម៉ាករថយន្តអគ្គិសនីថ្មីដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន។ រថយន្តដែលលក់ដាច់បំផុតរបស់ Li Auto គឺម៉ូដែល Li L6 EREV ដែលជាប្រភេទ Crossover។ ហើយរថយន្តម៉ូដែល Li Mega minivan ដែលមានតម្លៃថ្លៃ ក៏ជាម៉ូដែលដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Li Auto ផងដែរ៕