ស្វែងរកពួកយើង:

ការនាំចេញស្មាតហ្វូន Huawei នៅលើទីផ្សារសកល មានការកើនឡើង 28% នៅត្រីមាសទី 1 នេះ

ដោយ

Koun Jab Luffy

08 ឧសភា 2025 10:48 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei មិនត្រឹមតែមានការនាំចេញស្មាតហ្វូនល្អនៅក្នុងប្រទេសចិននោះទេ ក្រុមហ៊ុននេះ ក៏មានកំណើន ទីផ្សារស្មាតហ្វូនសកលដូចគ្នា ដោយនៅត្រីមាសទី 1 នេះ គឺមានកើនឡើង 28% ប្រៀបធៀបទៅនឹងរយញពេលដូចគ្នាកាលពីឆ្នាំមុននេះ។ យោងរបាយការណ៍ថ្មីមួយ បានទម្លាយអំពីការនាំចេញស្មាតហ្វូននៅជុំវិញពិភពលោក របស់ក្រុមហ៊ុនកំពូលៗជាច្រើនសម្រាប់ត្រីមាសទី 1 នៅឆ្នាំនេះផងដែរ។
នៅថ្ងៃនេះ TechInsights ទើបតែចេញផ្សាយនូវរបាយការណ៍នៃការនាំចេញស្មាតហ្វូនសកលសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ ដែលមានការកើនឡើង 0.5% ធៀបទៅនឹងឆ្នាំមុននេះ ដោយមានការនាំចេញស្មាតហ្វូនចំនួន  296.8 លានគ្រឿង។ ក្រុមហ៊ុនដែលស្ថិតនៅក្នុង Top 5 នៃបញ្ជីនេះ មានក្រុមហ៊ុន Samsung, Apple, Xiaomi, OPPO និង Vivo ។  បើទោះបីជាក្រុមហ៊ុន Huawei មិនទាន់ស្ថិតនៅក្នុងបញ្ជី Top 5 ក៏ដោយនោះ ក្រុមហ៊ុននេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ 8 ដែលមានការកើនឡើង 28% ប្រៀបធៀបទៅនឹងឆ្នាំមុននេះសម្រាប់ការនាំចេញស្មាតហ្វូនសកលធៀបទៅនឹងត្រីមាសមុននេះ។
Article image
តាមការបញ្ជាក់ចេញពី TechInsights អោយដឹងទៀតថា ក្រុមហ៊ុន Huawei ក៏បានចាប់ផ្តើមស្តារទីផ្សាររបស់ខ្លួនឡើងវិញទៅលើទីផ្សារស្មាតហ្វូនផងដែរ ដោយទទួលបាននូវចំណាត់ថ្នាក់លេខ 8 ថែមទៀតនៅក្នុងត្រីមាសទី 1 ឆ្នាំនេះ។ សម្រាប់ស្មាតហ្វូនបត់បានស៊េរីថ្មី ស្មាតហ្វូន Nova 13 និង Pura 70 បានជម្រុញទៅលើទីផ្សារស្មាតហ្វូនថ្មីនេះ។ ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុននេះបានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើលដោយសារតែការពង្រឹងទៅលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា ហើយស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូន Pura ក៏ទទួលបានការចាប់អារម្មណ៍ដោយសារតែកាមេរ៉ារបស់ស្មាតហ្វូននេះថែមទៀត។
ក្រៅពីការនាំចេញស្មាតហ្វូនកើនឡើងសម្រាប់ទីផ្សារសកលនោះ របាយការណ៍នេះ ថែមទាំងមានបង្ហាញថា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ក៏មានការកើនឡើង 31% ធៀបទៅនឹងឆ្នាំមុននេះ នៅក្នុងទីផ្សាររបស់ប្រទេសចិនដូចគ្នា។ ក្រុមហ៊ុននេះ ក៏ទទួលបាននូវចំណាត់ថ្នាក់លេខ 1 និងឈរនៅចំណាត់ថ្នាក់កំពូលឡើងវិញបន្ទាប់ពីការបាត់មុខអស់ពេលជាយូរតាំងពីឆ្នាំ 2021មក។
Article image
ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានជាប់ចំណាត់ថ្នាក់លេខ 1 ដែលមានការនាំចេញស្មាតហ្វូនចំនួន 60.6 លានគ្រឿង និងចំណែកទីផ្សារចំនួន 20.4%។ ក្រុមហ៊ុន Apple ជាប់លេខ 2 ដែលមានការនាំចេញស្មាតហ្វូនចំនួន 54.7 លានគ្រឿង និងចំណែកទីផ្សារចំនួន 18.4% ជាមួយនឹងកំនើន 11.2% ធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Xiaomi គឺបានជាប់ចំណាត់ថ្នាក់លេខ 3 ដោយនាំចេញស្មាតហ្វូនបានចំនួន41.9 លានគ្រឿង និងមានចំណែកទីផ្សារចំនួន18.4% ។ ក្រុមហ៊ុន Oppo និង Vivo ជាប់លេខ 4 និងលេខ 5 ។ សម្រាប់ក្រុមហ៊ុន Transsion ជាប់លេខ 6 និងក្រុមហ៊ុន Honor ជាប់លេខ 7 ផងដែរ៕