ស្វែងរកពួកយើង:

ការនាំចេញឡានអគ្គិសនី Xiaomi EV ជិតដល់គោលដៅដែលបានកំនត់ 350,000 គ្រឿងហើយ

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2025 03:57 រសៀល

អាន 2 នាទី

Article image
សម័្ពន្ធក្រុមហ៊ុន Xiaomi Group បានប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទ 3 ក្នុងឆ្នាំ 2025 នេះ។ ស្របពេលជាមួយគ្នានេះ លោក Lu Weibing ដែលជាដៃគូ និងជានាយកក្រុមហ៊ុន Xiaomi Group បានបង្ហាញទិន្នន័យនៃគម្រោងក្នុងការនាំចេញរថយន្តប្រចាំឆ្នាំរបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ទិន្នន័យនៃការនាំចេញឡានអគ្គិសនីរបស់ Xiaomi គឺបានជិតដល់ចំនួនគោលដៅដែលបានកំណត់ហើយគឺ 350,000 គ្រឿង នៅក្នុងសប្តាហ៍នេះ។
នៅក្នុងរបាយការណ៍ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី 3 បានបង្ហាញថា ការនាំចេញឡានអគ្គិសនី Xiaomi EV គឺបានលើសចំនួន 100,000 គ្រឿងនៅក្នុងត្រីមាសទី 3 កន្លងទៅ ដែលធ្វើឲ្យការនាំចេញសរុបរយះពេល 3 ត្រីមាសក្នុងឆ្នាំ 2025 មានចំនួន 260,000 គ្រឿង។ យោងតាមទិន្នន័យអ្នកវិភាគបានបង្ហាញថា ការនាំចេញ Xiaomi EV លើកដំបូង គឺប្រើពេល 230 ថ្ងៃ ក្នុងការនាំចេញរថយន្តចំនួន 100,000 គ្រឿង ខណៈពេលដែល 200,000 គ្រឿងបន្ទាប់ប្រើរយះពេល 232 ថ្ងៃ ដែលទិន្នន័យនេះ បង្ហាញពីការបង្កើនសមត្ថភាពក្នុងការនាំចេញកើនឡើងទ្វេរដងរបស់ក្រុមហ៊ុន។
Article image
ចំពោះការកើនឡើងនៃសង្វាក់ផលិតកម្មរបស់ Xiaomi EV ត្រូវបានគេកត់សំគាល់ឃើញថា គឺនៅក្នុងត្រីមាសទីបីឆ្នាំនេះ។ ដោយនៅខែកញ្ញា បរិមាណនៃការនាំចេញប្រចាំខែបានបំបែកកំណត់ត្រាថ្មីក្នុងចំនួន 40,023 គ្រឿង ដែលជាតួរលេខកម្រិតខ្ពស់ថ្មីសម្រាប់ម៉ាកយីហោរថយន្តអគ្គិសនីក្មេងខ្ចីមួយនេះ។ ហើយសន្ទុះនៃការនាំចេញនេះ បានបន្តរហូតដល់ខែតុលា ជាមួយការនាំចេញបានលើសពី 40,000 គ្រឿងជាថ្មីម្តងទៀត។ នៅក្នុងត្រីមាសទី 3 នៃ 2025 ឆ្នាំនេះ ផ្នែកអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ Xiaomi ដែលរួមមាន អាជីវកម្មយានយន្តអគ្គិសនីឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត ឬ AI សម្រេចបានប្រាក់ចំណេញពីប្រតិបត្តិការប្រចាំត្រីមាសជាលើកដំបូង ដោយប្រាក់ចំណូលពីប្រតិបត្តិការប្រចាំត្រីមាសឈានដល់ 700 លានយ័ន។
Article image
ដោយឡែកបើតាមរបាយការណ៍ពី Citi បានបង្ហាញថា ដោយផ្អែកលើអត្រាចែកចាយប្រចាំសប្តាហ៍បច្ចុប្បន្ន គឺមានរថយន្តប្រមាណជាង 10,000 គ្រឿង ត្រូវបាននាំចេញ ដូចនេះការនាំចេញពេញមួយឆ្នាំរបស់ Xiaomi អាចកើនដល់ជិត 400,000 គ្រឿង។ បើគិតត្រឹមចុងខែតុលា ឆ្នាំ 2025 ក្រុមហ៊ុន Xiaomi បានដំណើរការហាងលក់រថយន្ត Xiaomi EV បានចំនួន 424 ហាងនៅទូទាំង 125 រាជធានីក្រុងរបស់ប្រទេសចិន។ លើសពីនេះ Xiaomi គ្រោងបើកដំណើរការហាងថ្មីបន្ថែមចំនួន 17 ហាងទៀត ដែលត្រូវពង្រីកទៅកាន់ទីក្រុងថ្មីចំនួន 8 របស់ប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំ 2025 នេះផងដែរ៕