
Nova 13 Series ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះ បានបញ្ជាក់ថា នឹងមានការបង្ហាញខ្លួននៅក្នុងខែសីហាខាងមុខនេះហើយប៉ុន្តែពេលនេះមានការផ្លាស់ប្តូរហើយ ដោយអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា នឹងមិនមានការប្រកាសស្មាតហ្វូន Nova 13 Series នេះទេ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នឹងប្រកាសចេញនូវស្មាតហ្វូនបត់បាន Nova-Flip ជំនួសវិញ។
ខណៈពេលដែលព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូននេះ មិនទាន់បានទម្លាយទេនោះ មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បាន Nova-Flip នេះ នឹងមានតម្លៃអាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនបត់បាននៅលើទីផ្សារ។ ទាក់ទងនឹងការពន្យារពេលការបង្ហាញស្មាតហ្វូន Nova 13 series ក៏មានការបញ្ជាក់ផងដែរថា ស្មាតហ្វូន Nova 13 Pro និង Nova 13 Ultra នឹងមានការបំពាក់នូវបច្ចេកវិទ្យាផ្កាយរណប Satellite Connectivity ថែមទៀតផង។ ស្មាតហ្វូន Nova 13 series នេះនឹងមានបន្ទះឈីប Flagship Kirin 9010 SoC ដែលមុននេះ គឺធ្លាប់បានប្រើប្រាស់នៅលើកំពូលស្មាតហ្វូន Huawei Pura 70 Series រួចហើយផងដែរ។

ស្មាតហ្វូន Nova 13 Series នេះ ត្រូវបានគេទម្លាយថា អាចនឹងមានប្រព័ន្ធកាមេរ៉ា XMAGE ដែលថ្មីៗនេះ ប្រើប្រាស់នៅលើស្មាតហ្វូន Pura និង Mate Flagship របស់ក្រុមហ៊ុន Huawei។ នៅលើស្មាតហ្វូន Nova 13 Series នេះ នឹងមានការពង្រឹងទៅលើកាមេរ៉ាភ្លោះខាងមុខ ដែលនឹងផ្តល់នូវបទពិសោធន៍ថ្មីនៃការថតរូបភាពកាន់តែអស្ចារ្យ។

ស្មាតហ្វូននេះ នឹងមានអេក្រង់ដែលមានកម្រិតភាពច្បាស់ 1.5K resolution ស្ថិតនៅចន្លោះ Full HD និង Quad HD ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូន Nova 13 series នេះ នឹងមានតម្លើងមកស្រាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS Next។ ប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ នឹងមានការបំពាក់នូវ variable aperture technology សម្រាប់កាមេរ៉ាគោល ជាមួយនឹង periscope telephoto lens ថែមទៀតផង៕
