
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែចេញមកបញ្ជាក់អំពីវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2024 ដែលប្រារព្ធឡើងនៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅខែក្រោយនេះ ហើយព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី 26 ដល់ថ្ងៃទី 29 ខែកុម្ភៈ 2024។ យោងតាមការព័ត៌មានថ្មីនៅថ្ងៃនេះ បានបន្ថែមនូវព័ត៌មានថ្មីទៀតហើយទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ ដោយនៅក្នុងប្រភពខាងលើនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានដាក់តាំងបង្ហាញស្មាតហ្វូនជំនាន់ថ្មី Magic 6 Series និង Magic V2 RSR នៅលើទីផ្សារសកលនៅថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2024 ខាងមុខនេះហើយ។
បើតាមរបាយការណ៍ខាងលើនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Honor នឹងមានរៀបចំនូវព្រឹត្តិការណ៍របស់ខ្លួនមួយ នៅថ្ងៃទី 25 ខែកុម្ភៈនៅវេលាម៉ោង 2pm ដោយនឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Magic 6 series រួមជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន Magic V2 RSR foldable នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ស្មាតហ្វូន Honor Magic 6 Series នេះ គឺមាន 2 ប្រភេទ រួមមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ មានការរំពឹងថា ស្មាតហ្វូនថ្មីនេះ ក៏មានស្មាតហ្វូន Magic 6 Lite បង្ហាញខ្លួននៅក្នុងទីផ្សារសកលផងដែរ។

សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 series និង Magic V2 RSR Porsche Design បានបង្ហាញខ្លួននៅក្នុងប្រទេសចិននៅដើមខែនេះរួចហើយ។ ដូចនេះ សម្រាប់ការបង្ហាញខ្លួននៅក្នុងទីផ្សារសកល ត្រូវបានគេមើលឃើញថា អាចនឹងមានលក្ខណៈសម្បត្តិស្រដៀងគ្នា។ ស្មាតហ្វូន Honor Magic 6 ជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.8-អ៊ីង គែមកោង និងជាប្រភេទកញ្ចក់ AMOLED display ដែលមានការគាំទ្រជាមួយនឹងបច្ចេកវិទ្យា LTPO និងពន្លឺ 1,800nits។ ស្មាតហ្វូនថ្មីនេះ មានម៉ូឌុលកាមេរ៉ាក្រោយមានរាងមូល ហើយនិងមានការបំពាក់នូវកាមេរ៉ាទំហំ 180MP periscope lens និងមានការទ្រទ្រង់នូវ variable aperture ផងដែរ។

សម្រាប់ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេស Magic V2 RSR នេះ គឺជាប្រភេទស្មាតហ្វូនដែលមានកិច្ចសហការនៃក្រុមហ៊ុន Honor និងក្រុមហ៊ុនផលិតរថយន្ត Porsche។ នៅលើស្មាតហ្វូននេះ គឺនឹងមានបំពាក់នូវ aerodynamic body island ផងដែរ។ កញ្ចក់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូន Porsche Design គឹបំពាក់នូវ silicon nitride coating ដែលការពារទៅលើស្នាមឆ្កូត និងធន់នឹងការធ្លាក់ថែមទៀតផង៕
