
ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូនបត់បានរបស់ខ្លួនម៉ូដែល Find N5 នៅក្នុងប្រទេសចិននៅឆ្នាំ 2025 នេះខាងមខុនេះហើយ។ សម្រាប់ទីផ្សារសកលវិញ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្តូរឈ្មោះទៅជា OnePlus Open 2 ។ មកដល់ពេលនេះ បើទោះបីជាព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ មិនសូវមានពីមុនមកក៏ដោយនោះ ការបែកធ្លាយថ្មីជាច្រើនក៏បានទម្លាយបន្ថែមទៀតផងដែរ។
ស្រដៀងគ្នានេះផងដែរ នៅក្នុងការបែកធ្លាយថ្មីមួយនាពេលថ្មីៗនេះ អ្នកទម្លាយ Smart Pikachu ក៏បានចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ ជាមួយនឹងពេលវេលាក្នុងការប្រកាសចេញនៅលើទីផ្សារផងដែរ។ បើតាមរបាយការណ៍ជាច្រើន បាននិយាយថា ក្រុមហ៊ុន OPPO មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បាន Find N5 នៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះ។ ការបង្ហាញនេះ អាចនឹងនៅចន្លោះខែមករា និងខែមិថុនានេះ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 50MP និងដំណើរការនូវបន្ទះឈីប Snapdragon 8 Elite ថែមទៀតផង។

ស្មាតហ្វូនបត់បានថ្មីនេះ នឹងមានរូបរាងស្លីម និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ ជាមួយនឹងគែមធ្វើពីលោហធាតុ និងទ្រទ្រង់នូវបច្ចេកវិទ្យា wireless magnetic charging ។ ក្រុមហ៊ុន OPPO ក៏បង្ហើបអំពីសមត្ថភាពនៃការសាកថ្ម wireless charging នៅលើស្មាតហ្វូនអេក្រង់បត់បាន Find N5 ផងដែរ។ អ្នកទម្លាយរូបនេះ បានបន្តអះអាងថា ស្មាតហ្វូនបត់បាននេះអាចប្រើប្រាស់បានជាមួយនឹង Ecosystem របស់ក្រុមហ៊ុន Apple ដោយអាចនឹងមានមុខងារ “Share with iPhone” ដែលក្រុមហ៊ុន OPPO និង OnePlus ប្រកាសបង្ហាញនៅលើ Android 15 របស់ពួកគេផងដែរ។

មុខងារនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការចែករំលែកនូវរូបភាព វីដេអូ និង files ជាច្រើនទៀត រវាងស្មាតហ្វូន Android និង iPhone ប៉ុន្តែក៏ទាមទារអោយឆ្លងកាត់នូវ App មួយដែលតម្លើងនៅលើ iPhone ផងដែរ។ យោតាមការបញ្ជាក់នៅក្នុងរបាយការណ៍មុននេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន Find N5 ថ្មីនេះ នឹងមានថាមពលថ្មពីរគ្រាប់l (2460mAh+3105mAh) ដែលមានទំហំប្រហែលជា 5,700mAh។ កាមេរ៉ារបស់ស្មាតហ្វូននេះ នឹងមានគោលទំហំ 50MP, 50MP ultra-wide lens និង 50MP periscope telephoto គាំទ្រជាមួយនឹងមុខងារហ៊្សូម 3x optical zoom និងរូបរាងស្លីមត្រឹមតែ 9mm ប៉ុណ្ណោះ៕
