
នៅថ្ងៃនេះ ក្រុមហ៊ុន Mazda បានបញ្ជាក់ថា ការបញ្ជាទិញទៅលើឡានអគ្គិសនី Mazda EZ-60 SUV កើនឡើងដល់ 30,000 គ្រឿងហើយបន្ទាប់ពីការប្រកាសដាក់អោយ Pre-Sale ចាប់តាំងពីខែមេសាមក។ សម្រាប់ម៉ូដែលនេះ គឺជាសមិទ្ធិផលថ្មីដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តធំៗពីគឺ Mazda និង Changan។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ឡានអគ្គិសនី Mazda EZ-60 SUV ថ្មីនេះ នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅខែកញ្ញាឆ្នាំ 2025 ខាងមុខនេះហើយ ដែលនេះគឺជាយុទ្ធសាស្រ្តថ្មីដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិន។
សូមជំរាបថា ក្រុមហ៊ុន Mazda ត្រូវបានគេមើលឃើញថា មានភាពជោគជ័យខ្លាំងទៅលើការដាក់លក់ Pre-Sales ទៅលើ Mazda EZ-6 sedan ដែលបានបង្ហាញវត្តមាននៅឆ្នាំ 2024 កន្លងមក ដោយបានធ្វើការនាំចេញរថយន្តនេះ 600 គ្រឿង ពីទីក្រុងសៀងហៃ ទៅប្រទេសបែលហ្ស៊ិក ទៀតផង ដែលនះគឺជាការនាំចេញផ្លូវការណ៌ដំបូងរបស់ Mazdas ចេញពីប្រទេសចិន។ ក្រុមហ៊ុននេះបានបន្តថា តាមរយៈនៃតួរលេខនៃការបញ្ជាទិញមុនទៅលើរថយន្តខាងលើនេះ គឺមាន 76% ជាមនុស្សដែលមានអាយុចាប់ពី 25 ទៅ 40 ដែលអ្នកទាំងនោះភាគច្រើនដល់ទៅ 71% គឺជាអ្នករសនៅទីក្រុងធំរបស់ប្រទេសេចិន។

EZ-60 គឺមានជម្រើស 2 ម៉ូដែល ដោយម៉ូដែលមួយប្រើប្រាស់នូវអាគុយ 77.9kWh មានម៉ូទ័រក្រោយមួយកម្លាំង 258 សេះ អាចរត់បានចម្ងាយ 600km តាមស្តង់ដារ CLTC។ សម្រាប់ម៉ូដែលមួយទៀតមានការប្រើប្រាស់អាគុយ និងម៉ូទ័រដូចគ្នា ប៉ុន្តែមានភ្ជាប់មកនូវម៉ាស៊ីន 1.5-litre អាចរត់ដោយការប្រើប្រាស់នូវអគ្គិសនីសុទ្ធបានចម្ងាយ 160km។ ឡានអគ្គិសនីទាំងពីរម៉ូដែលនេះ គឺមានមានការឌីស្សាញដូចគ្នា ដោយមានតួខ្លួនប្រវែង 4,850mm ទទឹងប្រវែង 1,935mmin និងមានកំពស់ 1,620mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,902mm។

ជាមួយនិងការបង្ហាញខ្លួននៅខែកញ្ញាខាងមុខនេះ ក្រុមហ៊ុន Mazda នៅមិនទាន់មានការប្រកាសចេញនូវតម្លៃផ្លូវការណ៌នៅឡើយទេ។ សម្រាប់ម៉ូដែលនេះ ត្រូវបានគេជឿជាក់ថា នឹងក្លាយជាម៉ូដែលថ្មីមួយ មានការពេញនិយមសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសចិន ហើយក៏ជាម៉ូដែលទី 2 របស់ក្រុមហ៊ុន Mazda ដែលមានវត្តមាននៅលើទីផ្សារប្រទេសចិនផងដែរ។

