
កាលពីដើមខែនេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញនូវស្មាតហ្វូន Huawei Mate XT ដែលជាម៉ូដែលស្មាតហ្វូនបត់បាន 3 តង់។ តាមការបែកធ្លាយចុងក្រោយបំផុតរបស់អ្នកទម្លាយ Digital Chat Station អោយដឹងថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន Nova 13 series នៅក្នុងខែតុលាខាងមុខនេះ។ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន Mate 70 series និងស្មាតហ្វូនបត់បាន Mate X6 នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
នៅក្នុងការបង្ហោះនៅលើ Weibo នាពេលថ្មីៗនេះ អ្នកទម្លាយនេះ ក៏បានបញ្ចេញនូវព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរទៅលើការឌីស្សាញរបស់ស្មាតហ្វូន Mate 70 Series។ រូបភាព Screenshot នេះ មិនទាន់បង្ហាញនូវឈ្មោះរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដែលពាក់ព័ន្ធទៅនឹងការបែកធ្លាយនេះនៅឡើយទេ។ យ៉ាងណាមិញ ការបែកធ្លាយថ្មីនេះ គឺបញ្ជាក់ថានេះគឺជាស្មាតហ្វូន Mate 70 ។ ស្មាតហ្វូន Mate 70 នេះនឹងមានប្រព័ន្ធ 3D facial recognition system នៅលើអែក្រង់គែមកោងទាំង 4 របស់ស្មាតហ្វូន។

ស្មាតហ្វូនជំនាន់ថ្មី Mate 70 និង 70 Pro នឹងមានគែមធ្វើពីលោហធាតុ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ខណៈដែលការបែកធ្លាយមុននេះ បានទម្លាយដែរថា ស្មាតហ្វូន Mate 70 នេះ នឹងមានសិនស័រស្កែនម្រាមដៃ ultrasonic ថែមទៀតផង។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានបំពាក់នូវ Elliptical Camera Island ជាមួយនឹង Periscope Lens ស្ថិតនៅកណ្តាល។ បើមើលទៅលើស្មាតហ្វូន Mate 60 Series នេះ គឺមានការប្រើប្រាស់នូវលោហធាតុ និងកញ្ចក់នៅផ្នែកខាងក្រោយ។ ដូច្នេះសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Mate 70 series ក៏អាចនឹងមានកញ្ចក់ទាំងអស់នៅផ្នែកខាងក្រោយដូចគ្នា។ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់អំពីបន្ទះឈីបថ្មីនៅលើស្មាតហ្វូន Mate 70 ផងដែរ។

សូមជំរាបថា លោក Richard Yu ដែលជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei កាលពីពេលមុននេះ បានប្រកាសថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series នេះ នឹងដំណើរការនូវ Harmony NEXT នៅក្នុងត្រីមាសទី 4 នេះ។ យើងរំពឺងថា សម្រាប់ OS ថ្មីនេះ នឹងមានការបង្កើនប្រសិទ្ធិភាពប្រសើរជាងមុនដល់ទៅ 30% និងការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលបានដល់ទៅ 20% ៕
