
Galaxy Z Flip 7 FE ដែលជាស្មាតហ្វូនបត់បាន Fan Edition ម៉ូដែលដំបូងបំផុតរបស់ក្រុមហ៊ុន Samsung នោះ ត្រូវបានគេព្យាករណ៌ថា អាចនឹងបង្ហាញខ្លួនក្នុងពេលដំណាលគ្នាជាមួយនឹងស្មាតហ្វូន Galaxy Z Flip 7 នៅចុងខែកក្កដាឆ្នាំ 2025 ខាងមុខនេះហើយ នេះបើយោងតាមអ្នកទម្លាយម្នាក់នៅលើបណ្តាញសង្គម X។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung មានគោលដៅក្នុងការពង្រីកទៅលើស្មាតហ្វូនបត់បានរបស់ខ្លួន ជាមួយនឹងការប្រកាសចេញនូវវត្តមានស្មាតហ្វូន Galaxy Z Flip 7 FE ដែលជា version មួយទៀតតម្លៃសមរម្យរបស់ស្មាតហ្វូន Z Flip 7។
តាមរបាយការណ៍ខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 FE នេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅចុងឆ្នាំ 2025 នេះ ដែលអាចនៅចន្លោះពីខែមិថុនាដល់ខែកក្កដាជាមួយនឹងវត្តមាននៃស្មាតហ្វូន Z Fold 7 និង Flip 7។ សម្រាប់ម៉ូដែកនេះ គឺអាចនឹងឆ្លុះបញ្ចាំងអំពីយុទ្ធសាស្រ្តស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S series ផងដែរ ខណៈពេលដែលស្មាតហ្វូន flagship នេះ បានបង្ហាញខ្លួនមុន ហើយក្រោយមកស្មាតហ្វូន FE ក៏បន្តបង្ហាញខ្លួនតាមក្រោយដើម្បីកុំអោយមានការប៉ះពាល់ទៅលើការលក់ក្នុងពេលដំណាលគ្នានោះ។

មានការកត់សំគាល់ថា វត្តមានរបស់ស្មាតហ្វូនថ្មីនេះ អាចនឹងស៊ីគ្នាជាមួយនឹងព្រឹត្តិការណ៍ Samsung Unpacked ដែលជាធម្មតាធ្វើឡើងនៅខែមិថុនា កក្កដាឆ្នាំ 2025 នេះ។ ស្មាតហ្វូន Z Flip 7 FE នេះ នឹងមានអេក្រង់ខាងក្នុងទំហំ 6.7-អ៊ីង Dynamic AMOLED 2X display បន្ទះឈីប Exynos 2400 និងមានការប្រើប្រាស់នូវកាមេរ៉ាភ្លោះ ទំហំ 12MP+12MP បើធៀបជាមួយនឹងស្មាតហ្វូន Z Flip 7 មានបន្ទះឈីប Exynos 2500 និងកាមេរ៉ាគោលទំហំ 50MP។ ខណៈពេលដែលក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការនោះទេ តម្លៃរបស់ស្មាតហ្វូន Z Flip 7 FE អាចនឹងមានតម្លៃចាប់ពី ~$799 ដុល្លារឡើងទៅ៕
