ស្វែងរកពួកយើង:

ការលក់ BYD Dolphin ដែលជាឡានអគ្គិសនី Hatchback បានឈានដល់ចំនួន 1 លានគ្រឿងហើយ

ដោយ

Koun Jab Luffy

03 ធ្នូ 2025 01:55 រសៀល

អាន 3 នាទី

Article image
BYD Dolphin គឺជាឡានអគ្គិសនីសុទ្ធប្រភេទ Hatchback ដែលមានតម្លៃធូរថ្លៃមួយរបស់ BYD។ ឡានអគ្គិសនីខ្នាតតូចនេះមានទីផ្សារល្អខ្លាំងចាប់តាំងពីថ្ងៃចេញលក់លើកដំបូង ហើយមកទល់នឹងពេលនេះ ការលក់ BYD Dolphin ត្រូវបានគេរាយការណ៍ថា មានចំនួនដល់ 1 លានគ្រឿងហើយ ដែលធ្វើឲ្យឡាន Hatchback EV មួយនេះ ក្លាយជាម៉ូដែលមានសន្ទុះនៃការលក់លឿនខ្លាំងធៀបនឹងប្រភេទឡានអគ្គិសនីដូចគ្នាក្នុងប្រទេសចិន។
BYD Dolphin ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់លើកដំបូងកាលពីខែសីហា ឆ្នាំ 2021 នៅក្នុងប្រទេសចិន ដោយដាក់ឲ្យស្ថិតនៅក្នុងក្រុមគ្រួសាររថយន្ត BYD Ocean Series។ ហើយបច្ចុប្បន្នម៉ូដែល Dolphin 2025 បាននឹងកំពុងមានវត្តមានលក់នៅលើទីផ្សារជាមួយជម្រើស 4 ម៉ូដែល ដោយមានតម្លៃចាប់ពីខ្ទង់ $14,100 ដល់ $18,400 នៅទីផ្សារប្រទេសចិន។ Dolphin ត្រូវបានផលិតឡើងដោយប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងស្តង់ដារ e-Platform 3.0 របស់ BYD ដោយមានការប្រើប្រាស់នូវលោហៈធាតុ 85% ជាប្រភេទ high-strength steel។ ឡានអគ្គិសនីខ្នាតតូចនេះ មានបណ្តោយតួរខ្លួន 4,125mm /ទទឹង 1,770/ កំពស់ 1,570mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,700mm។
Article image
ឡានអគ្គិសនី Hatchback មួយនេះ មានកម្លាំងពីរជម្រើសផ្សេងគ្នា ក្នុងនោះមានជម្រើសកម្លាំង 70kW (94hp) និង 180Nm ដែលផលិតដោយម៉ូទ័រអគ្គិសនីមួយប្រភេទ  permanent magnet synchronous motor អាចជាន់ស្ទុះពី 0-50km/h ប្រើពេល 3.9 វិនាទី។ ម៉ូដែលនេះ មានកញ្ចប់ថ្មទំហំ 44.928kWh ប្រភេទ Blade (LFP) ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 420km។ ជម្រើសមួយម៉ូដែលទៀតមានកម្លាំង 150kW (201hp) និង 310Nm ដែលផលិតដោយម៉ូទ័រអគ្គិសនីមួយប្រភេទ  permanent magnet synchronous motor អាចជាន់ស្ទុះពី 0-50km/h ប្រើពេល 3.5 វិនាទី។ ម៉ូដែលនេះ មានកញ្ចប់ថ្មទំហំ 60.48kWh ប្រភេទ Blade (LFP) ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 520km។ សម្រាប់ការសាកថាមពលថ្មចូលវិញ គឺលឿនរហ័សដោយប្រើពេល 30 នាទី អាចសាកចូលពី 30% ទៅ 80%។
Article image
នៅខាងក្នុងកាប៊ីនរបស់ BYD Dolphin មានបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ 5-inch រួមជាមួយអេក្រង់កម្សាន្តមានទំហំ 10.1-inch ឬ 12.8-inch អាស្រ័យទៅលើជម្រើសម៉ូដែល ជាមួយនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ DiLink របស់ BYD។ នៅលើម៉ូដែល Top-trim របស់ Dolphin មានបន្ថែមនូវកន្លែងសាកថ្មទូរស័ព្ទកម្លាំង 50W Wireless Charging Pad ផងដែរ។ ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ BYD Dolphin គឺមានការគាំទ្រដោយប្រព័ន្ធ DiPilot system របស់ BYD ដែលមានបញ្ចូលមកជាមួយមុខងារចំនួយការបើកបរចំនួន 7 មុខងារ រួមមានដូចជា adaptive cruise control, automatic emergency braking, និង lane departure assist…ជាដើម។
Article image
គួររំលឹងផងដែរថា នៅក្នុងខែវិច្ឆិកា កន្លងទៅ BYD បានលក់រថយន្តចំនួន 480,186 គ្រឿង ដែលនាំឱ្យការលក់សរុបក្នុងឆ្នាំ 2025 របស់ខ្លួនកើនដល់ 4,182,038 គ្រឿង៕
ការលក់ BYD Dolphin ដែលជាឡានអគ្គិសនី Hatchback បានឈានដល់ចំនួន 1 លានគ្រឿងហើយ