
ស្មាតហ្វូនបត់បានស៊េរីថ្មី Galaxy Z Flip 7 ដែលបំពាក់អេក្រង់ខាងក្រៅធំ និងស្មាតហ្វូន Galaxy Z Fold 7 ដែលមានការឌីស្សាញដ៏ស្រស់ស្អាតស្តើងទាក់ចិត្តមនុស្សជាច្រើននោះ នៅពេលនេះ បានបំបែកទៅលើកំណត់ត្រាថ្មីទៅលើការបញ្ជាទិញមុននៅលើទីផ្សារកូរ៉េខាងត្បូង។ ថ្មីៗនេះ ក៏មានការប្រកាសថា ប្រទេសឥណ្ឌា ក៏បានបំបែកកំណត់ត្រានៃការកម្មង់ទិញមុនទៅលើ ស្មាតហ្វូន Galaxy Z Flip 7 និង Galaxy Z Fold 7 នេះផងដែរ។
តាមព័ត៌មានខាងលើនេះ បានបង្ហាញថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung ទទួលបានការកម្មង់ទុកមុន (Pre-Order) ច្រើនជាង 1.04 លានគ្រឿង សម្រាប់ស្មាតហ្វូន Galaxy Z Fold 7 និង Flip 7 ដោយបានបំបែកកំណាត់ត្រាថ្មី។ តួរលេខខាងនេះ គឺខ្ពស់ជាងមុនបន្តិចធៀបទៅនឹងស្មាតហ្វូន Galaxy Z Flip 5 និង Galaxy Z Fold 5 ដែលមានចំនួនកម្មង់ទុកមុនចំនួន 1.02 លានគ្រឿង និងមានការកើនឡើងខ្ពស់ជាងស្មាតហ្វូន Galaxy Z Flip 6 និង Galaxy Z Fold 6 ដែលមានចំនួនត្រឹមតែ 0.91 លានគ្រឿងប៉ុណ្ណោះ។

ទាក់ទងនឹងព័ត៌មាននេះ មានការលើកឡើងថា ប្រសិនបើក្រុមហ៊ុន Samsung ធ្វើការពង្រឹងទៅលើសមត្ថភាពកាន់តែល្អជាងមុននោះ នឹងមនុស្សជាច្រើនចំណាយប្រាក់សម្រាប់ទៅលើការទិញស្មាតហ្វូនបត់បាននេះកាន់តែច្រើនជាងមុនថែមទៀត។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy Z Fold 7 នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមានតម្លៃប្រហែលជា KRW 2,379,300 (~$1,714) នឹងមានចំនួនជាង 60% សម្រាប់ការកម្មង់ទុកមុនទៅលើម៉ូដែលនេះ ហើយនេះគឺជាលើកដំបូងបំផុតហើយ ដែលស្មាតហ្វូន Galaxy Z Fold លក់បានច្រើនជាងស្មាតហ្វូន Galaxy Z Flip។

គួរបញ្ជាក់ថា ការកម្មង់ទុកមុនទៅលើស្មាតហ្វូនថ្មីនេះ នឹងបញ្ចប់នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះនៅថ្ងៃទី 28 ខែកក្កដានេះ ហើយស្មាតហ្វូននេះ នឹងទៅដល់ហាងនៅថ្ងៃទី 29 ខែកក្កដានេះ។ Galaxy Z Fold 7 គឺជាស្មាតហ្វូនបត់បានទម្រង់ Book-style ដែលមានទម្ងន់ស្រាលបំផុតរបស់ពិភពលោក។ ស្មាតហ្វូនេះ អាចនឹងក្លាយជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតរបស់ក្រុមហ៊ុន Samsung ហើយនេះ គឺជាការ upgrade កាន់តែអស្ចារ្យរបស់ក្រុមហ៊ុនក្នុងពេលប៉ុន្មានឆ្នាំនេះ។

អេក្រង់បត់បានធំរបស់ស្មាតហ្វូននេះ អាចបត់បានលើសពី 500,000 ដោយមិនមានបញ្ហា ដែលមានការបង្កើន 2.5X ធៀបទៅនឹងស្មាតហ្វូន Galaxy Z Fold 6។ ក្រុមហ៊ុន Samsung បានប្រើប្រាស់អេក្រង់ UTG ក្រាស់ជាងមុន តួខ្លួនទីតាញ៉ុម ត្រចៀកបត់ Hinge ថ្មី និងកាវស្អិតជាងមុនដែលធ្វើអោយអេក្រង់នេះ កាន់តែធន់ក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Galaxy Z Flip 7 មានអេក្រង់ខាងក្រៅ 4.1-អ៊ីង ជាមួយនឹងកាមេរ៉ាភ្លោះ។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Exynos 2500 និងថាមពលថ្មដល់ទៅ (4,300mAh) ។

ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung នេះ ត្រូវបានដាក់អោយដំណើរការនូវ One UI 8.0 (Android 16) ហើយវាអាចអាប់ដេត Android OS បានដល់ទៅ 7 ឆ្នាំថែមទៀត។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏អាចអាប់ដេតទៅលើសុវត្ថិភាពដល់ទៅ 7 ឆ្នាំផងដែរ។ ស្មាតហ្វូនបត់បានថ្មីនេះ ក៏មានបំពាក់នូវមុខងារ l Galaxy AI ជាច្រើនដែលរួមមាន Now Brief, Photo Assist, Browsing Assist, Audio Eraser, Call Assist, Writing Assist, Note Assist និង Interpreter ថែមទៀត៕
