
យោងតាមសេចក្តីរាយការណ៌ថ្មី បាននិយាយថា ការលក់ស្មាតហ្វូន iPhone របស់ Apple កំពុងតែមានការធ្លាក់ចុះនៅក្នុងទីផ្សាររបស់ប្រទេសចិន ហើយស្ថានភាពក៏កាន់តែអាក្រក់ជាងមុនបន្ថែមទៀតបន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei Mate 70 series នាពេលថ្មីៗនេះ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បាត់បង់នូវការលក់ដ៏ធំរបស់ខ្លួននៅក្នុងទីផ្សារដ៏ធំបំផុតនេះ។ ស្ថានភាពនេះ អាចនឹងក្លាយជាការគំរាមកំហែងដ៏ធំទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកនេះ។
លោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏ល្បីមួយរូប បានបញ្ចេញលម្អិតអំពីការលក់របស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំ 2024 ផងដែរ ដោយក្នុងនោះ ក៏មានការទម្លាយអំពីបញ្ហាប្រឈមរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសចិននៅឆ្នាំនេះផងដែរ។ របាយការណ៍នេះ បាននិយាយថា ការលក់ស្មាតហ្វូន iPhone គឺមានការធ្លាក់ចុះខ្លាំងនៅក្នុងទីផ្សាររបស់ចិនដែលវាពិតជាស្ថានភាពដ៏អាក្រក់របស់ក្រុមហ៊ុន Apple នោះ។ លោក Kuo បាននិយាយថា ក្រុមហ៊ុន Apple នេះមានការធ្លាក់ចុះចំនួន 10%-12% ជារៀងរាល់ឆ្នាំនៅក្នុងការនាំចេញស្មាតហ្វូន iPhone ដែលវាពិតជាប៉ះពាល់ខ្លាំងដល់ចំណែកទីផ្សាររបស់ក្រុមហ៊ុននេះ។
មូលហេតុដ៏ធំបំផុតនោះគឺកង្វះទៅលើបច្ចេកវិទ្យា AI និងការច្នៃប្រឌិតជាច្រើនទៀតទៅលើស្មាតហ្វូនជំនាន់ថ្មីនេះ។ ស្មាតហ្វូន iPhone 16 នេះ ក៏មានការកែប្រែតិចតួចប៉ុណ្ណោះទៅលើរូបរាង និងលក្ខណៈសម្បត្តិជាច្រើនរបស់វាគឺរក្សាទុកនៅដដែល។ ស្មាតហ្វូននេះមិនទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនោះទេនៅក្នុងទីផ្សាររបស់ចិន។ ស្មាតហ្វូន Huawei Mate 70 series បានក្លាយជាបញ្ហាប្រឈមមួយទៀតសម្រាប់ក្រុមហ៊ុន Apple ទៅលើការធ្លាក់ចុះនៃការលក់ iPhone ។ ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នេះ គឺបំពាក់នូវបច្ចេកវិទ្យា AI, បច្ចេកវិទ្យាឆ្លាតវៃ ភាពច្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មី និងភាពច្នៃប្រឌិតអស្ចារ្យជាច្រើនទៀត។
លោក Ming-Chi Kuo និយាយថា “នៅក្នុងខែធ្នូ ឆ្នាំ 2024 នេះ ការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិនគឺមានការធ្លាក់ចុះប្រហែលជា 10-12% បើធៀបទៅនឹងឆ្នាំមុននេះ ហើយវាក៏បង្ហាញអំពីការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុននេះនៅក្នុងទីផ្សាររបស់ប្រទេសចិន។” លោក Kuo បន្ថែមថា អ្នកវិភាគជាច្រើនព្យាការណ៍ថា ការនាំចេញស្មាតហ្វូន iPhone នេះគឺមានប្រហែលជា 220 លានគ្រឿង។

គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ 2025 នេះ លោក Kuo បញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបន្តក្នុងការធ្លាក់ចុះទៀតនៅក្នុងប្រទេសចិននៅឆ្នាំនេះ។ ក្រុមហ៊ុននេះក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន iPhone ស្តើងបំផុតចំនួន 2 ម៉ូដែលនោះ គឺ SE4 និងស្មាតហ្វូនបត់បានដែលនឹងទ្រទ្រង់តែបច្ចេកវិទ្យា eSIM ប៉ុណ្ណោះ ដែលប្រទេសចិន មិនមានតម្រូវការប្រភេទនេះ ខ្លាំងក្លានោះទេ។ សម្រាប់ឆមាសទី 1 ឆ្នាំ 2025 នេះ វាក៏អាចនឹងមានការធ្លាក់ចុះទៅលើការលក់ iPhone ចំនួន 6% នៅក្នុងឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុននេះផងដែរ៕
