
ប្រទេសឥណ្ឌាត្រូវគេមើលឃើញថាជាទីផ្សារមួយក្នុងចំណោមទីផ្សារលំបាកបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្នុងការដណ្តើមទីផ្សារនោះ ប៉ុន្តែពេលនេះវាក៏មានការកើនឡើងផងដែរ។ ការលក់ប្រចាំឆ្នាំរបស់ផលិតផលរបស់ក្រុមហ៊ុន Apple មានការឈានដល់កម្រិតខ្ពស់មួយនៅក្នុងប្រទេសឥណ្ឌា នេះបើតាមរបាយការណ៍ចេញពី Bloomberg ។ ក្រុមហ៊ុននេះ បានមើលឃើញនូវការកើនឡើងចំនួន 33% ទៅលើប្រាក់ចំណេញរបស់ខ្លួន ដែលមានការកើនឡើងពី 6 ពាន់លានដុល្លារអាមេរិកទៅ 8 ពាន់លានដុល្លារអាមេរិក។
Bloomberg បាននិយាយថា ការកើនឡើងរបស់ក្រុមហ៊ុន Apple នេះ គឺដោយសារតែការខិតខំរបស់ក្រុមហ៊ុននេះ បានធ្វើការងារជាច្រើន ដើម្បីទាក់ទាញនូវការចាប់អារម្មណ៍ចេញពីអតិថិជននៅក្នុងប្រទេសនេះ។ ទីផ្សារនេះ គឺមានការគ្របដណ្តប់ដោយក្រុមហ៊ុនជាច្រើនរបស់ប្រទេសចិន និងក្រុមហ៊ុន Samsung ហើយការលក់ iPhone គឺមានតែចំនួន 3.5% ប៉ុណ្ណោះ។ មកដល់ពេលនេះ ការលក់ iPhone សរុបមានចំនួនដល់ទៅ 690 លានគ្រឿង។
សូមជំរាបថាទីផ្សារប្រទេសឥណ្ឌា គឺជាទីផ្សារមួយរបស់ Apple ដែលមានការរីកចម្រើនខ្លាំង ប៉ុន្តែការលក់នៅក្នុងប្រទេសដែលស្ថិតនៅតំបន់អាស៊ីនេះ គឺមានចំនួនប្រហែលជា 383 ពាន់លានដុល្លារប៉ុណ្ណោះ។ លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានធ្វើការយ៉ាងខ្លាំងក្លាដើម្បីបង្កើនទៅលើចំនួននេះ ហើយយើងក៏បានឃើញនូវ Apple Store ដំបូងចំនួន 2 កន្លែងនៅក្នុងប្រទេសឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា លោក Tim Cook និងក្រុមការងាររបស់គាត់ បានសម្រេចចិត្តផ្លាស់ប្តូរទៅលើផលិតកម្មនៃស្មាតហ្វូន iPhone ជំនាន់ចុងក្រោយបំផុតរបស់ Apple នៅក្នុងប្រទេសឥណ្ឌាផងដែរ។ បច្ចុប្បន្ននេះ ស្មាតហ្វូន iPhone 15 គឺត្រូវបានផលិតនៅក្នុងរោងចក្រ Tamil Nadu ប៉ុន្តែសម្រាប់ម៉ូឌែល Pro និង Pro Max គឺត្រូវបាននាំចូល និងទទួលរងនូវពន្ធខ្ពស់ផងដែរ៕
