
Xiaomi 14 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញវត្តមាននៅលើទីផ្សារសកលហើយ។ ស្មាតហ្វូនថ្មីៗទាំងនេះ ត្រូវបានគេបញ្ជាក់ថា មានការដាក់លក់នៅលើទីផ្សារអឺរ៉ុបហើយថែមទាំងមានតួរលេខការលក់បានខ្ពស់ជាងម៉ូដែលមុន Xiaomi 13 Series ថែមទៀតផង។ សូមជំរាបថា Xiaomi 14 និង Xiaomi 14 Ultra ត្រូវបានក្រុមហ៊ុនទើបតែបានប្រកាសដាក់លក់នៅលើទីផ្សារអឺរ៉ុបនៅក្នុងសប្តាហ៌នេះតែប៉ុណ្ណោះ។
បើតាមការបញ្ជាក់ចេញពីប្រភពខាងលើនេះបានអោយដឹងងថា Xiaomi 14 និង Xiaomi 14 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនចិនមួយ ដែលមានការឌីស្សាញជាមួយនិងរូបរាងថ្មី មានភាពប្រណិត និងមានការតម្លើងនូវបច្ចេកកវិទ្យាថ្មីៗជាច្រើន ប្រៀបធៀបជាមួយនិងស្មាតហ្វូន Xiaomi 13 និង the Xiaomi 13 Ultra ដែលបង្ហាញចេញពីឆ្នាំមុន។ ទាក់ទងជាមួយនិងព័ត៌មាននេះ លោក Lu Weibing ដែលជាអគ្គនាយក្រុមហ៊ុន Xiaomi និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Redmi បានបញ្ជាក់ដូចគ្នាថា ការលក់ទៅលើស្មាតហ្វូន Xiaomi 14 និង Xiaomi 14 Ultra គឺពិតជាមានតួរលេខខ្ពស់ជាងម៉ូដែលមុនៗប្រាកដមែន។

ជាមួយនិងការដាក់លក់ស្មាតហ្វូនទាំងពីរនេះ មានការបង្ហាញថា ស្មាតហ្វូន Xiaomi 14 Ultra គឺមានការលក់ដាច់ខ្ពស់ជាង 3 ដងប្រៀបធៀបជាមួយនិង Xiaomi 13 Ultra។ ហើយសម្រាប់ស្មាតហ្វូន Xiaomi 14 គឺមានការលក់ដាច់ខ្ពស់ជាងដល់ទៅ 6 ដង ប្រៀបធៀបជាមួយ Xiaomi 13 ដែលបានដាក់លក់កាលពីឆ្នាំមុន។ សូមជំរាបផងដែរថា ស្មាតហ្វូន Xiaomi 14 Ultra ក៏ទើបតែមានការដាក់លក់នៅលើទីផ្សារប្រទេសចិនដូចគ្នា ហើយសម្រាប់ការដាក់លក់ស្មាតហ្វូននេះ ក៏មានតួរលេខខ្ពស់ជាង 13 Ultra ផងដែរ។
