ស្វែងរកពួកយើង:

ការលក់កំពូលស្មាតហ្វូន Huawei Mate 80 Series គឺបានដល់ចំនួន 750,000 គ្រឿងត្រឹមរយះពេល 2 សប្តាហ៍

ដោយ

Koun Jab Luffy

16 ធ្នូ 2025 10:55 ព្រឹក

អាន 2 នាទី

Article image
កំពូលស្មាតហ្វូនជំនាន់ថ្មី Huawei 80 Series គឺទទួលបានទីផ្សារលក់ដ៏រឹងមាំនៅក្នុងប្រទេសចិនបន្ទាប់ពីការប្រកាសចេញ និងចេញលក់ជាផ្លូវការណ៍មក។ ការនាំចេញកំពូលស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេព្យាករណ៍ថា មានចំនួនដល់ទៅ 750,000 គ្រឿង ត្រឹមតែរយះពេល 2 សប្តាហ៍បន្ទាប់ពីការចេញលក់។ ក្នុងទិន្នន័យបានបង្ហាញថា ម៉ូដែល Mate 80 Pro Max មានការបញ្ជាទិញចំនួនច្រើនជាងគេ។
ជាមួយសន្ទុះនៃការបញ្ជាទិញកើនឡើងខ្ពស់ដូចនេះ បានធ្វើឲ្យ Huawei ប្រឈមនឹងបញ្ហាក្នុងការផលិត និងសង្វាក់ផ្គត់ផ្គង់មិនទាន់តម្រូវការ ដូច្នោះហើយ ទើបធ្វើឲ្យក្រុមហ៊ុនធ្វើការពន្យាពេលក្នុងការដាក់ឲ្យមានការបញ្ជាទិញសារជាថ្មីម្តងទៀតរហូតដល់ទៅ 2 ខែ ដែលមានន័យថា ស្តុកថ្មីសម្រាប់ Huawei Mate 80 Series នឹងមកដល់នៅខែកុម្ភៈ ឆ្នាំ 2026 ខាងមុខ។ សម្រាប់ម៉ូដែល Mate 80 មានរ៉េមទំហំ 12GB និងម៉េមូរីផ្ទុកក្នុងម៉ាស៊ីនទំហំ 256GB មានតម្លៃខ្ទង់ប្រហែល $660 ខណៈម៉ូដែល Mate 80 Pro Series មានតម្លៃចាប់ពីខ្ទង់ប្រហែល $840 ឡើង។
Article image
យោងតាមរបាយការណ៍បានបញ្ជាក់ថា កំពូលស្មាតហ្វូន Huawei Mate 80 Series គឺមានចរន្តនៃការលក់លឿន និងខ្លាំងជាងស្មាតហ្វូន Flagship ដែលចេញលក់ថ្មីៗនៅក្នុងប្រទេសចិន ដូចជា iPhone 17 Series និង Xiaomi 17 Series ជាដើម។ ចរន្តនៃការលក់ខ្លាំងដូចនេះ គឺជាចំនុចល្អមួយដែលបង្ហាញពីការកើនឡើងប្រជាប្រិយភាពរបស់ Huawei នៅក្នុងទីផ្សារដើមកំណើតរបស់ខ្លួនជាថ្មីម្តងទៀត។
Article image
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ Huawei បានបង្កើនចំណែកទីផ្សាររបស់ខ្លួនជាលំដាប់ និងបានវិលត្រឡប់ទៅកាន់លំដាប់កំពូលនៃម៉ាកយីហោស្មាតហ្វូនប្រណិតនៅក្នុងប្រទេសចិន។ បើតាមការព្យាករណ៍ ការលក់ និងការនាំចេញ Huawei Mate 80 Series អាចនឹងឈានដល់ចំនួនចន្លោះពី 10 ទៅ 14 លានគ្រឿងឯណោះ៕