
vivo X300 និង X300 Pro គឺជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត ដែលត្រូវបានគេមើលឃើញថា បានប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 13 ខែតុលាកន្លងទៅនេះ។ ជាមួយនិងវត្តមានឆ្នាំនេះ ស្មាតហ្វូនទាំងពីរ គឺមានការអាប់ដែតទៅលើផ្នែកសំខាន់ៗជាច្រើនប្រៀបធៀបជាមួយនិងជំនាន់មុន។ យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន vivo បានបញ្ចេញនូវរបាយការណ៌នៃការដាក់លក់ដំបូងរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X300 series នេះហើយ ដោយមានចំនួននៃការលក់គឺខ្ពស់ជាងជំនាន់មុន។
បើតាមការបញ្ជាក់របស់ vivo បានអោយដឹងថា ការលក់ដំបូងរបស់ vivo X300 series គឺមានតួរលេខខ្ពស់ជាង vivo X200 ាSeries ក្នុងនោះក៏មានម៉ូដែល Pro mini ផងដែរ។ តាមរយៈនៃលទ្ធផលខាងលើនេះ ក្រុមហ៊ុន vivo មិនបានបញ្ចេញនូវទិន្នន័យផ្លូវការណ៌នោះទេ គ្រាន់តែនិយាយថា គឺពិតជាអស្ចារ្យខ្លាំងមែនទែនសម្រាប់ការលក់ដំបូងនេះ។ សូមជំរាបថា សម្រាប់វត្តមានរបស់ vivo X300 គឺមកជំនួស X200 Pro mini ដែលជាម៉ូដែលថ្មីមានអេក្រង់តូច compact design ប៉ុន្តែមិនមានការបន្ថយនូវលក្ខណៈសម្បត្តិប្រណិតៗនោះទេ។

ក្រឡេកមកមើល vivo X300 Pro វិញគឺពិតជាមានការអាប់ដែតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងជំនាន់មុន ទាំងទៅលើប្រព័ន្ធកាមេរ៉ា បច្ចេកវិទ្យាអេក្រង់ និងថាមពលថ្ម ក៏ដូចជាកម្លាំងម៉ាស៊ីនផងដែរ។ ក្រុមហ៊ុន vivo បានបន្ថែមថា X300 Series នឹងមានការប្រកាសចេញនៅលើទីផ្សារអឺរ៉ុបនាចុងខែនេះហើយសម្រាប់ទីផ្សារប្រទេសអាស៊ានវិញ គឺអាចនឹងមកដល់នៅខែក្រោយនេះ។

