
យោងការចេញផ្សាយព័ត៌មានថ្មីរបស់ Tesla នៅពេលនេះ បានបង្ហាញថា ការលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនកាលពីកក្កដាកន្លងទៅនេះ គឺបានបន្តធា្លក់ចុះសារជាថ្មីបន្ទាប់ខែមិថុនាកន្លងទៅនេះក្រុមហ៊ុននេះធ្វើបានល្អជាង។
តាមទិន្នន័យខាងលើនេះបានបញ្ជាក់ថា ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិកាំងមួយនេះនៅលើទីផ្សារចិន គឺបានចំនួន 40,617 គ្រឿងសម្រាប់ខែកក្កដា ដែលមានការធ្លាក់ចុះ 12.14% ប្រៀបធៀបជាមួយនិងពេលដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុននេះអាចធ្វើបាន 46,227 គ្រឿង។ តួរលេខនេះក៏ធ្លាក់ចុះ 33.94% ផងដែរ ប្រៀបធៀបជាមួយនិងខែមិថុនា ដែលលក់បានដល់ទៅ 61,484 គ្រឿង នេះបើយោងតាមទិន្នន័យដែលដកស្រង់ចេញពី China Passenger Car Association (CPCA)។
ប្រភពខាងលើនេះបន្តថា នេះគឺជាខែទី 5 ហើយសម្រាប់ក្រុមហ៊ុន Tesla ដែលមានការលក់ធ្លាក់ចុះនៅលើទីផ្សារប្រទេសចិននៅក្នុងឆ្នាំនេះ។ សម្រាប់ 7 ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនអាមេរិកាំងមួយនេះធ្វើបានល្អ ចំនួន 2 ខែ រួមមានខែមីនា និងខែមិថុនា។ សូមជំរាបថា នៅពេលនេះ រោងចក្រ Tesla ដែលស្ថិតសៀងហៃ គឺមានការផលិតចេញនូវឡានអគ្គិសនី Model 3 sedan និង Model Y crossover ហើយឡានទាំងពីរម៉ូដែលនេះ គឺសម្រាប់លក់ក្នុងស្រុង និងធ្វើការនាំចេញផងដែរ។

សម្រាប់ការនាំចេញវិញ កាលពីខែកក្កដានេះ រោងចក្រនេះ គឺនាំចេញបាន 27,269 គ្រឿង គឺទាបជាងមុនដល់ទៅ 2.23% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែមានការកើនឡើង 169.59% ប្រៀបធៀបជាមួយនិងខែមិថុនាកន្លងទៅនេះ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា សង្វាក់ផលិតកម្មរបស់ Tesla គឺសម្រាប់ការនាំចេញក្នុងត្រីមាសទី 1 និងសម្រាប់ដាក់លក់នៅលើទីផ្សារក្នុងស្រុកចិននៅត្រីមាសទី 2។
