
នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេដឹងថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Flagship Mate series របស់ខ្លួនហើយ។ កំពូលស្មាតហ្វូនថ្មីនេះ ត្រូវបានដឹងថា គឺជាផ្នែកមួយនៃស្មាតហ្វូនត្រកូល Mate 70 Series ខណៈដែលការបែកធ្លាយថ្មីមួយ ក៏មានការបង្ហើបអំពីកាលបរិច្ឆេទនៃការប្រកាសចេញនូវស្មាតហ្វូននេះផងដែរ។
យោងតាមការទម្លាយនៅលើបណ្តាញសង្គម Weibo តាមរយៈគណនីមួយដែលមានឈ្មោះ Smart Pikachu បានចែករំលែកនូវព័ត៌មានរបស់ស្មាតហ្វូន Mate 70 series នេះហើយ ដោយគាត់បាននិយាយថា ក្រុមហ៊ុន Huawei មានគម្រោងនៅក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Mate 70 នៅក្នុងប្រទេសចិននៅខែកញ្ញាឆ្នាំ 2024 ខាងមុខ។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏ទើបតែទម្លាយនូវស្មាតហ្វូន Mate 60, Mate 60 Pro, Mate 60 Pro+ និង Mate 60 RS Ultimate នៅលើទីផ្សារប្រទេសចិនផងដែរ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន Mate 70, Mate 70 Pro ហើយនិងម៉ូដែល Mate 70 Pro+។ ស្មាតហ្វូនថ្មីនេះ ត្រូវគេរំពឹងថា នឹងមានសមត្ថភាពខ្លាំងក្លាជាងស្មាតហ្វូន iPhone 16 series ថែមទៀតផង។

ប្រសិនបើពាក្យចចាមអារ៉ាមដែលនិយាយថា ការប្រកាសបង្ហាញស្មាតហ្វូននេះ នឹងធ្វើឡើងនៅក្នុងខែកញ្ញាមែននោះ ក្លាយជាការពិតមែននោះ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series នឹងបង្ហាញវត្តមាននៅមុនការប្រារព្ធព្រឹត្តិការណ៍សម្ពោធ ស្មាតហ្វូនជំនាន់ថ្មី iPhone 2024 ជាក់ជាមិនខាន។ ក្រុមហ៊ុន Huawei ត្រូវបានគេទម្លាយថា ក៏អាចនឹងធ្វើការនៅលើស្មាតហ្វូនថ្មីដែលមានសេនស័រទំហំ 1-អ៊ីង ផងដែរ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃនេះ មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei អាចនឹងមានការបំពាក់នូវសិនស័រទំហំ 1-អ៊ីង សម្រាប់កាមេរ៉ាគោលផងដែរ។ ស្មាតហ្វូននេះ អាចនឹងជាម៉ូដែលមួយក្នុងចំណោមស្មាតហ្វូន Mate ឬ P Series។ ស្របពេលជាមួយព័ត៌មាននេះ ស្មាតហ្វូន Huawei P70 series នេះ ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។ ស្មាតហ្វូន P70 នេះអាចនឹងមានអេក្រង់ 2 ទំហំទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូន P70 ថ្មីនេះ ត្រូវគេជឿជាក់ថា គឺនឹងមានបំពាក់នូវសិនស័រ Sony IMX989 នៅលើកាមេរ៉ាក្រោយ ហើយនិងមានអេក្រង់ទំហំ 6.7-អ៊ីងកម្រិត 1.5K quad curved OLED ទៀតផង៕
