
Huawei Mate XTs ដែលជាស្មាតហ្វូនបត់បាន 3 តង់ស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei នៅពេលនេះ គឺទទួលបាននូវការបញ្ជាក់ពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការហើយ ប៉ុន្តែតម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ថ្មីនេះ ប្រហែលជាធ្វើអោយអ្នកគាំទ្រជាច្រើនមានការខកចិត្តហើយ។ យោងតាមអ្នកទម្លាយមួយរូបដែលមានឈ្មោះ @GuoJing បាននិយាយថា ស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XTs នេះ គឺនឹងមានការបង្ហាញខ្លួននៅថ្ងៃទី 12 ខែកញ្ញានេះ ដែលនឹងមកប្រជែងជាមួយនឹងស្មាតហ្វូន iPhone 17 series នៅលើទីផ្សារចិនទៀតផង។
មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុន Huawei បៅមិនទាន់បានទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការណ៌ក៏ដោយក៏មានអ្នកតាមដាននានាព្យាករណ៌ហើយថា អាចស្ថិតនៅចន្លោះពេលនៃការបែកធ្លាយខាងលើនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ មានគម្រោងក្នុងការប្រកាសស្មាតហ្វូនថ្មីនេះ អោយដូចទៅនឹងពេលវេលានៃការប្រកាសចេញស្មាតហ្វូនបត់បាន 3 តង់កាលពីឆ្នាំមុននេះដែរ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនបត់បានថ្មីនេះ នឹងដំណើរការនូវ HarmonyOS 5.1 ដែលកាន់តែមានភាពឆ្លាតជាងមុន និងសុវត្ថិភាពជាងមុនថែមទៀត។

ក្រៅពីកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូននេះ ក៏មានការទម្លាយអំពីតម្លៃនៃស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XTs ផងដែរ។ ព័ត៌មានថ្មីនេះ បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ថ្មីនេះ នឹងមានតម្លៃប្រហែលជា 20,000+ យ៉ន់ ប្រៀបធៀបជាមួយស្មាតហ្វូន Huawei Mate XT ដែលចេញកន្លងមក គឺមានតម្លៃប្រហែលជា 19,999 យ៉ន់ប៉ុណ្ណោះ។ ស្មាតហ្វូន Huawei Mate XTs នេះ នឹងប្រើប្រាស់នូវប្រព័ន្ធ Tiangong dual-hinge system ដែលមានភាពធន់ក្នុងការប្រើប្រាស់ជាងមុន។ ស្មាតហ្វូននេះមានកម្រាស់ស្តើងត្រឹមតែ 3.6mm ហើយក៏អាចប្រើប្រាស់ជាទម្រង់ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័របានថែមទៀតផង។

សម្រាប់កាមេរ៉ា ហើយនិងបន្ទះឈីប ក៏ក្លាយជាផ្នែកមួយដ៏សំខាន់នៃវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Mate XTs ដែលនឹងជួយអោយស្មាតហ្វូននេះទទួលបាននូវភាពពេញនិយមខ្លាំងបំផុតនៅលើទីផ្សារក្នុងការប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើននៅលើទីផ្សារដូចជា Samsung Galaxy Z ជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏កំពុងតែធ្វើតេស្តទៅលើប្រព័ន្ធ satellite ថ្មីទៅលើស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 នេះផងដែរ៕
