ស្វែងរកពួកយើង:

កំពូលឈីបជំនាន់ថ្មី MediaTek Dimensity 9400 នឹងប្រកាសចេញផ្លូវការណ៍នៅខែតុលាខាងមុខនេះ

ដោយ

Koun Jab Luffy

03 សីហា 2024 01:48 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតបន្ទះឈីប MediaTek បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសចេញកំពូលឈីបជំនាន់ថ្មី SoC (System on Chip) ដែលមានប្រសិទ្ធិភាពខ្ពស់ បង្កប់មកជាមួយបច្ចកវិទ្យាទំនើប និងផលិតតាមដំណើរការស្តង់ដារខ្នាត 3nm processor node របស់ក្រុមហ៊ុន TSMC។ លោក Cai Lixing នាយកប្រតិបត្តិក្រុមហ៊ុន MediaTek បានធ្វើការបញ្ជាក់ថា កំពូលឈីបជំនាន់ថ្មី Dimensity 9400 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងខែតុលា ឆ្នាំ 2024។
យោងទៅលើរបាយការណ៍បានបញ្ជាក់ថា កំពូលឈីប Dimensity 9400 គឺនឹងមានសមត្ថភាពខ្ពស់ក្នុងការដំណើរការលើប្រព័ន្ធ on-devices large language models នៅលើទីផ្សារ។ លោក Lixing បានផ្តល់ក្តីរំពឹងថា ជាមួយវត្តមានកំពូលឈីបជំនាន់ថ្មីនេះនឹងអាចបង្កើនចំណូលក្រុមហ៊ុនកើនឡើង 50% ពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមរបាយការណ៍ បានបញ្ជាក់ថា កំពូលឈីប MediaTek Dimensity 9400 នឹងបង្កើនប្រព័ន្ធដំណើរការ AI performance ខ្លាំងជាងជំនាន់មុនប្រមាណ 40% ដោយកំពូលឈីបស្មាតហ្វូនជំនាន់ថ្មីនេះគាំទ្រនូវប្រព័ន្ធដំណើរការ AI performance បានក្នុងកម្រិត 48-TOPS។
នាយកប្រតិបត្តិរបស់ MediaTek លោក Lixing បានបញ្ជាក់ថា MediaTek គឺជាក្រុមហ៊ុនឈានមុខគេលើការបង្កើតនៅប្រព័ន្ធ NPU (neural processing unit) សម្រាប់ដំណើរការនៅលើកំពូលឈីប (Flagship SOC)។ លោកក៏បានបញ្ជាក់ទៀតថា សម្រាប់តម្លៃជាមធ្យមនៃស្មាតហ្វូនដែលបំពាក់បន្ទះឈីបជំនាន់ថ្មីនេះ ក៏នឹងកើនតម្លៃខ្ពស់ជាងឆ្នាំមុនផងដែរ។ ទាក់ទងនឹងអង្គ CPU ដែលប្រើនៅលើ Dimensity 9400 វិញត្រូវបានគេដឹងថា នឹងដកចេញនូវអង្គគណនា power-efficient core CPU ដោយសារតែបន្ទះឈីបជំនាន់ថ្មីនេះ គឺប្រើប្រាស់នូវស្ថាបត្យកម្មថ្មីរបស់ ARM ហៅថា “BlackHawk CPU architecture” ដែលផ្តោតតែទៅលើប្រសិទ្ធិភាពនៃប្រព័ន្ធដំណើរការកម្រិតខ្ពស់ទាំងនៅលើ Single-core និង Multi-core performance។ ដែលនេះ គឺមានន័យថា Dimensity 9400 នឹងមានប្រសិទ្ធិភាពដំណើរការខ្លាំងបំផុតជាមួយនឹងផ្ទៃ 150mm² ដែលរួមបញ្ចូលនូវ 30 billion transistors។
Article image
បច្ចុប្បន្ន MediaTek និង Nvidia បានចាប់ដៃសហការគ្នាដើម្បីធ្វើការអភិវឌ្ឍន៍នូវបន្ទះឈីបសម្រាប់ប្រើនៅក្នុងឧស្សាហកម្មរថយន្ត (Automotive Chip) ដែលបន្ទះឈីបនេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2025។ ដោយក្នុងនោះ Nvidia គឺជាអ្នកផ្គត់ផ្គងនៅអង្គ GPU ហើយ MediaTek គឺជាអ្នកអភិវឌ្ឍន៍នៅប្រព័ន្ធនៃអង្គ CPU+ISP។ ជាមួយនឹងគម្រោងនៃការអភិវឌ្ឍន៍នេះ នាយកប្រតិបត្តិក្រុមហ៊ុនលោក Cai Lixing បានរំពឹងថា នឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យរថយន្តចាប់ពីឆ្នាំ 2027 ដល់ឆ្នាំ 2028៕
កំពូលឈីបជំនាន់ថ្មី MediaTek Dimensity 9400 នឹងប្រកាសចេញផ្លូវការណ៍នៅខែតុលាខាងមុខនេះ