ស្វែងរកពួកយើង:

កំពូលរថយន្តស៊េរីថ្មី Hongqi Guoli បំពាក់ម៉ាស៊ីន 4.0T- V8 Turbocharged និងមានតម្លៃជិតមួយលានដុល្លារ

ដោយ

Koun Jab Luffy

12 មិថុនា 2024 04:57 ល្ងាច

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Hongqi បានធ្វើការប្រកាសចេញកំពូលរថយន្ត Sedan ស៊េរីថ្មីម៉ូដែល Guoli ដែលជាម៉ាកយីហោស្ថិតក្នុងស្រឡាយផលិតផលរថយន្តម៉ាកថ្មី Hongqi Golden Sunflower។ កំពូលរថយន្ត Sedan ស៊េរីថ្មីនេះ មានតម្លៃខ្ទង់ 7.18 លានយាន់ ឬខ្ទង់ប្រហែល 990,000 ដុល្លារអាមេរិក។ Golden Sunflower គឺជាស្លាកយីហោរថយន្តដែលមានតម្លៃ និងប្រណិតខ្លាំងបំផុតរបស់ Hongqi។
Hongqi Guoli គឺជារថយន្តម៉ូដែលថ្មីបន្ទាប់ពីម៉ូដែល Hongqi L5។ ក្រៅតែពីម៉ូដែល Guoli (国礼) ទៅ គឺនៅមានចំនួន 3 ម៉ូដែលផ្សេងទៀតដែលមានឈ្មោះដូចជា Guoyao (国耀), Guoya (国雅), និង Guoyue (国悦)ដែលស្ថិតនៅក្រោមម៉ាកយីហោ Golden Sunflower។ Hongqi Guoli មានការឌីស្សាញរូបរាងខាងក្រៅបែបប្រណិតទាក់ទាញខ្លាំងបំផុត ខុសពីរថយន្ត Sedan ដទៃ ដោយរថយន្តស៊េរីថ្មីនេះមានការឌីស្សាញផ្នែកខាងមុខជាមួយសំណាញប៉ាណាបញ្ឈរធំហៅថា vertical waterfall-style grille បន្ស៊ីគ្នាជាមួយនឹងអំពូលចង្កៀងសងខាងមានការឌីស្សាញរាងមូលភ្លឺចែងចាំដូចគ្រាប់គ្រីស្តាល់ ដែលការឌីស្សាញនេះត្រូវបាន Hongqi បញ្ជាក់ថា គឺដកស្រង់ចេញពីប្រពៃណីទំនៀមទំលាប់របស់ប្រជាជនចិន ឬហៅថា “the sky is round and the earth is square” មានន័យថា “មេឃ គឺរាងមូល ហើយផែនដីមានរាងការ៉េ”។
Article image
Hongqi Guoli មានប្រវែងបណ្តោយ 5,980 X ទទឹង 2,090mm X កម្ពស់ 1,710 mm និងមានគម្លាតរវាងកង់មុខទៅកង់ក្រោយ 3,730mm។ កំពូលរថយន្ត Sedan នេះមានទំងន់ធ្ងន់ដល់ 3,150 គីឡូក្រាម។ ហើយបើធៀបនឹងម៉ូដែល Hongqi L5 Zhizun Edition ដែលចេញក្នុងឆ្នាំ 2014 ម៉ូដែល Guoli ថ្មីនេះមានប្រវែងបណ្តោយខ្លួនវែងជា 425mm និងពង្រីកគន្លាតរវាងកង់មុខទៅកង់ក្រោយវែងជាង 295mm។ កំពូលរថយន្ត Sedan ថ្មីរបស់ Hongqi នេះ បំពាក់នូវម៉ាស៊ីនសាំង 4.0T V8 turbocharged ដែលមានសមត្ថភាពអាចផលិតកំលាំងបាន 388 សេះ និងកំលាំងរមូល 530Nm ជាមួយប្រព័ន្ធ 8AT។ សម្រាប់កម្រិតស៊ីសាំងរបស់ម៉ាស៊ីន 4.0T V8 របស់ Guoli គឺ 15.2 លីត្រក្នុង 100 គីឡូម៉ែត្រ និងអាចជាន់លឿនកប់បំផុតដល់ 220km/h។
នៅផ្នែកខាងក្នុងរបស់ Hongqi Guoli មានការរៀបចំតុបតែងបែបប្រណិតខ្លាំងមែនទែនជាមួយនឹងស្បែកពិសេស ដៃចង្កូតមានការឌីស្សាញឡើងយ៉ាងប្រណិតជាមួយប៊ូតុងបញ្ជាមុខងារសំខាន់ៗជាច្រើន, អេក្រង់ Dual-screen លាតសន្ធឹងពេញលើ Dashboard តែម្តងដែលមានអេក្រង់បង្ហាញព័ត៌មានរថយន្ត និងអេក្រង់កម្សាន្តនៅកណ្តាល រីនៅខាងក្រោមមាននូវប៊ូតុងសម្រាប់ចុចបញ្ជាមុខងារជាច្រើនទៀតដូចជាមុខងារម៉ាស៊ីនត្រជាក់ជាដើម។
Article image
រថយន្តស៊េរីថ្មីនេះមានការរៀបចំកៅអីជា 2+2 ដោយកៅអេក្រង់ខាងក្រោយមានកៅអីពីរហៅថា Independent seats និងមានកន្លែងដាក់ដៃ (armrest) ហើយក៏ជាកៅអីបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិច មានកន្លែងសណ្តូលជើង (Leg rest), ជាកៅអីខ្យល់, កម្តៅ និងមុខងារម៉ាស្សាថែមទៀតផង។ ជាងនេះទៅទៀតនៅលើ armrest ក៏មានផ្ទាំងសម្រាប់ប៉ះបញ្ជាមុខងារមួយចំនួនផងដែរ៕
កំពូលរថយន្តស៊េរីថ្មី Hongqi Guoli បំពាក់ម៉ាស៊ីន 4.0T- V8 Turbocharged និងមានតម្លៃជិតមួយលានដុល្លារ