ស្វែងរកពួកយើង:

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

24 មករា 2026 01:44 រសៀល

អាន 2 នាទី

Article image
នេះគឺជាឡាន Wuling Xingguang 560 ស៊េរីថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $8,600 ដល់ $13,700 ប៉ុណ្ណោះ អាស្រ័យទៅតាមជម្រើសម៉ាស៊ីន និង Option។ ឡាន SUV នេះ មានផ្តល់ជម្រើសម៉ាស៊ីនចំនួន 3 ប្រភេទ គឺទី 1 ម៉ាស៊ីនសាំង ចំណុះ 1.5L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង ​174 HP និង កម្លាំងរមួល 290 NM ដំណើរការដោយប្រអប់លេខដៃ 6 វគ្គ ហើយក៏មានជម្រើសប្រអប់លេខអូតូ CVT ផងដែរ។
សម្រាប់ជម្រើសទី 2 ប្រភេទអគ្គិសនីសុទ្ធ (EV) ប្រើកញ្ចប់អាគុយ ទំហំ 60 kWh និងម៉ូទ័រអគ្គិសនី 1 មានកម្លាំង 134 HP អាចបើកបរបានចម្ងាយ 500 KM (CLTC) នៅពេលសាកភ្លើងពេញម្តង។ រីឯទី 3 ប្រភេទ Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនចំណុះ 1.5L ដោយចាក់សាំង និងសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយដល់ 1,100 KM ឯណោះ
Article image
ឡាន Wuling Xingguang 560 មានប្រវែងតួខ្លួន 4.74m ទទឹង 1.85m កម្ពស់ 1.75m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.81m ហើយមានការឌីហ្សាញបែបទាន់សម័យ និងស្រស់ស្អាត ជាពិសេសនោះគឺ ការបំពាក់សំណុំចង្កៀងមុខ LED អមដោយអំពូល Daytime Running Light រចនាបែប 2 ជាន់ យ៉ាងទាក់ទាញ និង ស្តុបក្រោយ LED រចនាចេញជាអក្សរ X យ៉ាងស្រស់ស្អាត ផងដែរ។
Article image
ចូលទៅមើលផ្នែកខាងក្នុងវិញ វាក៏មានការឌីហ្សាញបែបទាន់សម័យ និងទំនើប ជាមួយនឹងការបំពាក់កុងទ័រឌីជីថល និង អេក្រង់កម្សាន្ត Touchscreen ទំហំ 12.8 អ៉ីញ អមដោយដៃចង្កូតរចនាបែប 2 កាំ ព្រមទាំង កន្លែងសាកថ្មទូរសព្ទឥតខ្សែ ចំនួន 2 ផងដែរ។អ្វីដែលជាចំណុចខ្លាំងរបស់ឡាន SUV នេះ គឺទំហំ និងកន្លែងផ្ទុកអីវាន់របស់វា ដោយវាអាចដាក់បានចំណុះដល់ 1,945 លីត្រ នៅពេលបត់កៅអីជួរទី 2 ហើយមានកន្លែងដាក់អីវាន់ចំនួន 25 កន្លែងផ្សេងគ្នា រួមទាំងនៅក្រោមកៅអី ទៀតផង៕
Article image
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!