
Leapmotor ជាម៉ាកយីហោរថយន្តដែលគាំទ្រដោយក្រុមហ៊ុន Stellantis បានចូលទីផ្សារអាមេរិកខាងត្បូងជាផ្លូវការណ៍ហើយ ដោយបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនដំបូងនៅក្នុងប្រទេសប្រេស៊ីល និងឈីលីនៅខែនេះ។ ជាមួយគ្នានេះ Leapmotor ក៏បានដាក់តាំងបង្ហាញរថយន្តម៉ូដែលចុងក្រោយបំផុតរបស់ខ្លួននៅក្នុងកម្មវិធីតាំងពិព័រណ៍រថយន្ត São Paulo Auto Show ផងដែរ។ ទន្ទឹងនឹងនេះ Leapmotor ក៏បានប្រកាសពីគម្រោងការក្នុងការផ្តល់ជូននូវផលិតផលអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមទាំងរថយន្តប្រភេទអគ្គិសនីសុទ្ធ BEV និង EREV នៅទូទាំងអាមេរិកខាងត្បូង ដោយចាប់ផ្តើមជាមួយប្រទេសប្រេស៊ីល។
ជាមួយការពង្រីកដែនទីផ្សារនៃស្លាកយីហោរថយន្តរបស់ខ្លួននេះ គឺនឹងទាញយកអត្ថប្រយោជន៍ពីបណ្តាញអ្នកចែកចាយ និងប្រព័ន្ធសេវាកម្មក្រោយពេលលក់ដែលបានបង្កើតឡើងរបស់ក្រុមហ៊ុន Stellantis ក្នុងគោលបំណងផ្តល់ជូនអតិថិជននៅអាមេរិកខាងត្បូងនូវបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយចល័តភាពនៃរថយន្តអគ្គិសនីក្នុងស្រុកដែលរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។

បច្ចុប្បន្ននេះ Leapmotor បានដាក់បង្ហាញរថយន្ត SUV ប្រើអគ្គិសនីសុទ្ធម៉ូដែល C10 និងរថយន្ត SUV ខ្នាតមធ្យមម៉ូដែល B10 ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ទាំងនៅក្នុងប្រទេសប្រេស៊ីល និងឈីលី។ នៅក្នុងកម្មវិធីតាំងពិព័រណ៍រថយន្ត São Paulo Auto Show ក្រុមហ៊ុនក៏បានបង្ហាញរថយន្ត SUV អគ្គិសនីចំនួនប្រាំមួយកៅអីថ្មីម៉ូដែល Leapmotor C16 ផងដែរ។
នៅមុនដំណាច់ឆ្នាំ 2025 នេះ Leapmotor មានគម្រោងបង្កើតហាងលក់ និងកន្លែងផ្តល់សេវាកម្មអតិថិជនចំនួន 36 កន្លែង នៅទូទាំង 27 ទីក្រុងនៅក្នុងប្រទេសប្រេស៊ីល និងហាងលក់ចំនួនប្រាំនៅក្នុងប្រទេសឈីលី។ Leapmotor ក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាសាកថ្មក្នុងស្រុកដូចជា Zletric និង GreenV ដើម្បីផ្តល់ជូននូវដំណោះស្រាយសម្រាប់ការសាកថ្ម និងសេវាកម្មដំឡើងឆ្នាំងសាកនៅផ្ទះដល់អ្នកប្រើប្រាស់រថយន្តរបស់ខ្លួនផងដែរ។

ជាការកត់សំគាល់ Leapmotor បានពង្រីកម៉ាកយីហោរថយន្តរបស់ខ្លួនចូលទៅក្នុងទីផ្សារពិភពលោកបានយ៉ាងឆាប់រហ័សចាប់តាំងពីការឈានជើងចូលទីផ្សារអឺរ៉ុបជាផ្លូវការកាលពីឆ្នាំមុនមក។ តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Stellantis គឺ Leapmotor International បានបង្កើតវត្តមាននៅក្នុងទីផ្សារក្រៅប្រទេសជាង 30 ក្រៅពីប្រទេសចិនគិតត្រឹមខែមិថុនាឆ្នាំនេះ។ ទីផ្សារទាំងនេះគ្របដណ្តប់លើទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិកជាដើម។
ថ្មីៗនេះ Leapmotor បានកំណត់គោលដៅលក់រថយន្តដ៏មហិច្ឆតារបស់ខ្លួនចំនួន 1 លានគ្រឿងនៅក្នុងឆ្នាំ 2026។ ដោយក្នុងនោះ គឺចំនួន 900,000 គ្រឿងពីទីផ្សារក្នុងស្រុក និង 100,000 គ្រឿងពីទីផ្សារបរទេស។ តាមទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ 2025 នេះ បរិមាណនាំចេញសរុបរបស់ Leapmotor បានលើសពី 44,000 គ្រឿង ដែលបានធ្វើឱ្យ Leapmotor ជាប់ជាក្រុមហ៊ុននាំចេញរថយន្តកំពូលក្នុងចំណោមម៉ាករថយន្ត EV ថ្មីរបស់ចិន និងស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារស្នូលអឺរ៉ុបដូចជាអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ ថែមទៀតផង៕
