ស្វែងរកពួកយើង:

ក្រុមហ៊ុន Xiaomi Auto លក់រថយន្ត SU7 បានជាង 10,000 គ្រឿងកាលពីខែមិថុនាកន្លងទៅ

ដោយ

Koun Jab Luffy

01 កក្កដា 2024 01:24 រសៀល

អាន 2 នាទី

Article image
Xiaomi Auto ដែលជាក្រុមហ៊ុនផលិតរថយន្តថ្មីរបស់ Xiaomi បានលក់រថយន្តអគ្គិសនីជំនាន់ដំបូងរបស់ខ្លួនម៉ូដែល SU7 បានជាង 10,000 គ្រឿងនៅក្នុងខែមិថុនាដែលទើបកន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះ Xiaomi ក៏បានរំពឹងទុកថាការលក់រថយន្តរបស់់ខ្លួននឹងធ្វើបានកាន់់តែល្អបន្ថែមទៀតនៅក្នុងខែកក្តដានេះ។
គួរកត់សំគាល់ថា ការលក់រថយន្តរបស់ Xiaomi Auto មានការកើនឡើងជាលំដាប់ពីមួយខែទៅមួយខែក្រោយពីការប្រកាសចេញលក់ផ្លូវការណ៍កាលពីចុងខែមិនា ដោយក្នុងនោះការលក់ក្នុងខែមេសា គឺមានចំនួន 7,058 គ្រឿង, ក្នុងខែឧសភាបានចំនួន 8,630 គ្រឿង និងក្នុងខែមិថុនាថ្មីៗ គឺការលក់បានឈានឡើងដល់ 10,000 គ្រឿង។ Xiaomi ធ្លាប់បានប្រកាសបញ្ជាក់ថា សង្វាក់ផលិតកម្មរថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានបង្កើនឡើងទ្វេរដងក្នុងខែមិថុនា។ ក្រុមហ៊ុន Xiaomi រំពឹងទុកថាក្នុងការលក់រថយន្ត SU7 Series របស់ខ្លួនឲ្យបានដល់ 100,000 គ្រឿង ជាមួយគោលដៅលក់បានចំនួន 120,000 គ្រឿងក្នុងឆ្នាំ 2024 នេះ។
Article image
ដើម្បីជួយគ្រប់គ្រងពេលវេលារង់ចាំដល់់អតិថិជន Xiaomi Auto បានចាប់ផ្តើមយុទ្ធនាការ “Lock Order and Wait for User Care” កាលពីថ្ងៃទី 28 ខែមិថុនា។ កម្មវិធីនេះផ្តល់អំណោយដល់អ្នកប្រើប្រាស់ដែលបានរង់ចាំការទទួលបានរថយន្តអគ្គិសនី SU7 របស់ពួកគេក្នុងអស់រយៈពេលជាង 3 ខែជាមួយការផ្តល់ជូនកញ្ចប់ពិសេសដើម្បីជាការលើកទឹកចិត្តផងដែរ។
Article image
សូមបញ្ជាក់ថា SU7 គឺជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វន Xiaomi ដែលបានប្រកាសចេញផ្លូវការណ៍កាលពីចុងឆ្នាំ 2023 និងបានប្រកាសចេញលក់ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីចុងខែមិនា 2024។ រថយន្តអគ្គិសនីស៊េរីថ្មីដំបូងរបស់ Xiaomi គឺមានជម្រើសបីម៉ូដែលមានដូចជាម៉ូដែល SU7, SU7 Pro និង SU7 Max ជាមួយតម្លៃចេញលក់ចាប់ពីខ្ទង់ក្រោម 3 ម៉ឺនដុល្លារអាមេរិក៕
ក្រុមហ៊ុន Xiaomi Auto លក់រថយន្ត SU7 បានជាង 10,000 គ្រឿងកាលពីខែមិថុនាកន្លងទៅ