ស្វែងរកពួកយើង:

គំនូសព្រាង realme GT6 គ្រោងបង្ហាញនៅចិន គឺមានអេក្រង់រាបស្មើរ និងមានម៉ូឌុលកាមេរ៉ាថ្មីខុសពីម៉ូដែលទីផ្សារសកល

ដោយ

Koun Jab Luffy

25 មិថុនា 2024 03:44 រសៀល

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Realme បានបញ្ជាក់ថា នឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Realme GT6 for នៅលលើទីប្រទេសចិននាខែកក្កដាខាងមុខនេះ។ សម្រាប់វត្តមានម៉ូដែលនេះ គឺមិនដូចគ្នាជាមួយនិងស្មាតហ្វូន GT6 ដែលលក់នៅលើទីផ្សារសកលនោះទេ ដោយម៉ូដែលលក់នៅលើទីផ្សារសកលនេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 ខណៈដែលម៉ូដែលសម្រាប់ទីផ្សារប្រទេសចិន គឺនឹងប្រើឈីប Snapdragon 8 Gen 3។ នៅថ្ងៃនេះ Digital Chat Station បានចែករំលែកនូវរូបភាពគំនូសព្រាងថ្មីរបស់ស្មាតហ្វូន GT6 សម្រាប់ប្រទេសចិនហើយ។
រូបភាពគំនូសព្រាងដំបូងនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីផ្នែកខាងក្រោយនៃស្មាតហ្វូន GT6 ដោយមិនមានការបង្ហាញផ្នែកខាងមុខនោះទេ ពីព្រោះថា កាលពីម្សិលមិញនេះ ក្រុមហ៊ុននេះបានទម្លាយចេញនូវអេក្រង់ខាងមុខរបស់ GT6 ជាមួយកញ្ចក់រាបស្មើរម្តងរួចហើយ។ បន្ថែមពីនេះ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ក៏មានការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មីស្ថិតនៅជ្រុងខាងឆ្វេងនៃស្មាតហ្វូនផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ និងអំពូល LED flash មួយគ្រាប់។ អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយ Ring LED flash។
សម្រាប់ការឌីស្សាញរូបរាងវិញ នៅលើស្មាតហ្វូន GT6 ថ្មីនេះ គឺមានស៊ុមឌីស្សាញចេញពីលោហៈ និងមានខ្នងក្រោយឌីស្សាញចេញពីកញ្ចក់។ អ្នកទម្លាយ DCS បាននិយាយថា ស្មាតហ្វូននេ នឹងបង្ហាញវត្តមានជាមួយនិងជម្រើសពណ៌ស រួមជាមួយនិងពណ៌ផ្សេងទៀតផងដែរ។ សូមជំរាបថា មុននេះមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវអេក្រង់ BOE S1 LTPO OLED បង្ហាញចេញបាន 1.5K និងមានពន្លឺខ្ពស់ដល់ទៅ 6,000nits peak brightness។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 24 GB ហើយនិងអង្គចងចាំទំហំ 1TB រួមនិងថ្មទំហំ 6,000mAh ហើយនិងមានកម្លាំងសាក 100W។ ប្រភពខាងលើនេះបន្តថា មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅក្រៅប្រទេសចិនឬយ៉ាងណានោះទេ។
បើតាមការទម្លាយមុននេះ បាននិយាយថា Realme GT6 អាចនឹងបង្ហាញវត្តមាននៅប្រទេសចិននាខែកក្កដាខាងមុខនេះ។ ហើយនៅចុងឆ្នាំនេះ ក៏មានដំណឹងថា ក្រុមហ៊ុននេះ នឹងប្រកាសចេញនូវស្មាតហ្វូន Realme GT 7 Pro ជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4 នៅលើទីផ្សារសកល និងប្រទេសចិនផងដែរ។
គំនូសព្រាង realme GT6 គ្រោងបង្ហាញនៅចិន គឺមានអេក្រង់រាបស្មើរ និងមានម៉ូឌុលកាមេរ៉ាថ្មីខុសពីម៉ូដែលទីផ្សារសកល