
នៅពេលនេះ មានការទម្លាយនូវរូបភាពថ្មី និងជារូបភាពដំបូងបំផុតរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែលថ្មី Samsung Galaxy Fold 6 ហើយ។ យោងតាមការចែកចាយរូបភាពរបស់ Onleaks ដែលជាប្រភពជឿជាក់បាននោះ គឺមានការបង្ហាញនូវរូបភាពស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីជំនាន់ទី 6 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងហើយ។
ប្រភពខងលើនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនៅត្រីមាសទី 2 ខាងមុខនេះហើយ គឺនៅក្នុងព្រឹត្តិការណ៌ Galaxy Unpacked event ដែលនឹងប្រារព្ធធ្វើឡើងនៅខែសីហា។ ផ្អែកតាមរូបភាពខាងលើនេះ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ គឺនឹងមានការផ្លាស់ប្តូរនូវការឌីស្សាញថ្មី ខុសពីជំនាន់មុន។

សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung ដែលស្ថិតនៅក្នុងត្រកូល Galaxy Z Fold គឺតែងតែមានការឌីស្សាញរូបរាងជាមួយនិងស៊ុមជុំវិញមានការកម្រ៉ាស់ស្តើងជានិច្ច។ ប៉ុន្តែជាមួយនិងរូបភាពថ្មីនេះ គឺមានការផ្លាស់ប្តូរហើយ ដោយរូបរាងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 អាចនឹងមានការឌីស្សាញមានទម្រង់ជាប្រអប់ជ្រុងមួយ ដែលមានវិមាត្រ 153.5x132.5x6.1mm នៅពេលដែលមិនបត់។ ប្រៀបធៀបរូបរាងរបស់ Z Fold 5 និង Fold 6 បញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការកំពស់ទាបជាងមុន 1.4 mm និងមានទទឹងធំជាងម៉ូដែលមុន 2.6 mm។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរូបរាងដូចគ្នាជាមួយនិង Galaxy S24 Ultra អញ្ចឹងដែរ។
រូបភាពខាងលើនេះ ក៏មានការបង្ហាញពីប៊ូតងសម្លេង ហើយនិងប្រព័ន្ធស្កែនម្រាមដៃ ដែលភ្ជាប់នៅលើប៊ូតុង Power ស្ថិតនៅជ្រុងខាងស្តាំរបស់ស្មាតហ្វូនអេក្រង់បត់បាននេះផងដែរ។ សម្រាប់ជ្រុងខាងឆ្វេង គឺមានរន្ធ SIM card tray។ នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នេះ គឺមានការបំពាក់នូវម៉ៃក្រូហ្វូន ចំនួន 3 គ្រាប់ និងមាន ឧបាល័រនៅខាងលើ ខណៈដែលខាងក្រោមមានរន្ធ USB-C និងម៉ៃក្រូហ្វូន ហើយនិងឧបាល័រដូចគ្នា។

និយាយពីផ្នែកខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាខាងក្រោយមានរាងដូចជា pill-shaped ដែលមានសិនស័រកាមេរ៉ាចំនួន 3 គ្រាប់ និងមានអមដោយអំពូល LED flash unit។ របាយការណ៌ខាងលើនេះ បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold 6 នឹងមានអេក្រង់ខាងក្នុងទំហំ 7.6-អ៊ីង ខណៈដែលអេក្រង់ខាងក្រៅមានទំហំ 6.2 អ៊ីង ជាមួយនិងការរចនារន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់។ ប៉ុន្តែនៅលើរូបភាពថ្មីនេះ គឺមិនមានការបង្ហាញពីរន្ធ Galaxy S-Pen នៅលើស្មាតហ្វូន Galaxy Z Fold 6 នោះទេ។
