ស្វែងរកពួកយើង:

គំរូឌីស្សាញរបស់ iQOO Z9 Turbo ដែលនឹងបំពាក់ឈីប Snapdragon 8s Gen 3 ជាមួយថាមពលថ្ម 6,000mAh ត្រូវបានបង្ហាញ

ដោយ

Koun Jab Luffy

09 មេសា 2024 03:11 រសៀល

អាន 2 នាទី

Article image
ក្នុងខែមេសានេះ ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក iQOO ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល Z9 Turbo នៅក្នុងទីផ្សារប្រទេសចិន។ ហើយនៅមុនថ្ងៃនៃការបង្ហាញខ្លួនមកដឹង ក្រុមហ៊ុន iQOO ក៏បានធ្វើការបង្ហាញនូវរូបភាពឌីស្សាញរបស់ Z9 Turbo នៅលើគណនី Weibo របស់ក្រុមហ៊ុនដែលបានបង្ហាញពីការឌីស្សាញកញ្ចប់លែនកាមេរ៉ា រួមទាំងបន្ទះឈីប ទំហំថាមពលថ្ម និងផ្នែកសំខាន់ៗជាច្រើនផ្សេងទៀត។
បើតាមរូបភាពដែលបង្ហាញមកនេះ គឺការឌីស្សាញកញ្ចប់កាមេរ៉ាក្រោយរបស់ iQOO Z9 Turbo មានរាងជាការ៉េបន្តិច ពងក្រពើបន្តិច ដោយមានរំលេចជាមួយលែនកាមេរ៉ាពីរគ្រាប់រៀបបញ្ឈរ រួមនឹងនមិត្តសញ្ញា OIS និងអំពូល LED Flash នៅខាងស្តាំជាប្រភេទ Dual-LED Flash។ តាមការបង្ហាញ iQOO Z9 Turbo នឹងប្រើបន្ទះឈីប Snapdragon 8s Gen 3 ដែលជាកំនែប្រែចេញពីកំពូលឈីប Snapdragon 8 Gen 3 ដែលបានប្រើនៅលើកំពូលស្មាតហ្វូនជាច្រើននាពេលបច្ចុប្បន្ន។ ហើយកាលពីខែមុននេះ Xiaomi CIVI 4 Pro គឺជាស្មាតហ្វូនកម្រិតថវិកាដំបូងគេក្នុងលោកដែលបានប្រើបន្ទះឈីប Snapdragon 8s Gen 3។
Article image
ចំនែកស្មាតហ្វូនជំនាន់ថ្មីមួយទៀត គឺ Redmi Turbo 3 ដែលនឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសចិននៅថ្ងៃទី 10 ខែមេសា ស្អែកនេះ ត្រូវបានគេដឹងថា នឹងប្រើបបន្ទះឈីប Snapdragon 8s Gen 3 នេះផងដែរ។ ហើយសម្រាប់ម៉ូដែលស្មាតហ្វូនម៉ូដែលថ្មី readme GT Neo 6 ក៏នឹងប្រើបន្ទះឈីបនេះដូចគ្នា គ្រាន់តែស្មាតហ្វូនមួយនេះ មិនទាន់ត្រូវបានគេដឹងថាបង្ហាញវត្តមាននៅពេលណានោះទេ។ ដោយឡែកសម្រាប់ iQOO Z9 Turbo ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានបំពាក់បន្ទះឈីបផ្សេងមួយទៀតដែលហៅថាឈីបឯករាជ ឬ Independent Chip ដើម្បីជួយពង្រឹងដល់អង្គក្រាហ្វិច រួមជាមួយប្រព័ន្ធបន្សាបកំដៅ 6K VC heat dissipation system និងមានថ្មទំហំធំដល់ 6,000mAh។ ហើយបើតាមរបាយការណ៍ Z9 Turbo ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនកំលាំង 80W Wired Fast Charging ថែមទៀតផង។
Article image
iQOO Z9 Turbo ត្រូវបានគេដឹងថាមានអេក្រង់ទំហំ 6.78-inch Flat-OLED Display ជាមួយកម្រិតបង្ហាញ 1.5K និងមានល្បឿន 144Hz។ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានជម្រើសរ៉េមទំហំ 12GB ដល់ 16GB ប្រភេទ LPDDR5x និងម៉េមូរីប្រភេទ UFS4.0 ទំហំ 512GB។ ទៅលើប្រព័ន្ធកាមេរ៉ាវិញ iQOO Z9 Turbo នឹងមានកាមេរ៉ាសែលហ្វីទំហំ 16MP រួមនឹងប្រព័ន្ធកាមេរ៉ាក្រោយទំហំ 50MP Main និង 8MP Ultrawide៕