
ព័ត៌មានជាច្រើនបាននឹងកំពុងនិយាយពីទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 គឺ iPhone 16 Series ហើយក៏មានប្រភពខ្លះបានធ្វើការអះអាងថា iPhone 16 Series នឹងមានការផ្លាស់ប្តូរទម្រង់នៃការឌីស្សាញថ្មីខុសពីជំនាន់មុន ជា ពិសេសទៅលើកញ្ចប់នៃប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ iPhone 16 និង iPhone 16 Plus តែម្តង។ ដូចជាពេលនេះ ក្រុមការងារឌីស្សាញ CAD Design និង Smartphone case បានធ្វើការបង្ហាញចេញនូវគំរូនៃការឌីស្សាញថ្មីចុងក្រោយរបស់ iPhone 16 Series។
បើតាមគំរូរូបភាពថ្មីចុងក្រោយរបស់ iPhone 16 Series គឺបានបង្ហាញពីការផ្លាស់ប្តូរថ្មីមួយចំនួនខុសពីជំនាន់ iPhone 15 Series។ ជាការកត់សំគាល់នៅលើរូបភាពគំរូថ្មីនៅលើ iPhone ជំនាន់ថ្មីឆ្នាំ 2024 ជាពិសេស គឺនៅលើម៉ូដែល iPhone 16 និង iPhone 16 Plus។ ដោយតាមរូបភាពបានបង្ហាញថា iPhone 16 និង iPhone 16 Plus គឺមានការផ្លាស់ប្តូរទម្រង់កាមេរ៉ាក្រោយខុសពីជំនាន់ iPhone 15 និង iPhone 15 Plus ឆ្នាំមុន ដោយការឌីស្សាញកញ្ចប់លែនកាមេរ៉ារបស់ iPhone ស្តង់ដារទាំងពីរនេះ គឺមានទម្រង់ស្រដៀងគ្នានឹងកញ្ចប់លែនកាមេរ៉ារបស់ iPhone Xs និង Xs Max ដែលចេញកាលពីអំឡុងឆ្នាំ 2018 ទៅវិញ។
បន្ថែមពីនេះសម្រាប់ប៉ូតុង Action ដែលប្រើផ្តាច់មុខនៅលើ iPhone 15 Pro Series ក៏ត្រូវបានបង្ហាញនៅលើ iPhone 16 Series ទាំងបួនម៉ូដែលទៀតផង រួមទាំងការដាក់នូវប៊ូតុងថ្មីមួយទៀត ដែលត្រូវបានគេដឹងថាជា Capture Button ក៏មាននៅលើគ្រប់ម៉ូដែលរបស់ iPhone 16 Series ផងដែរ គឺស្ថិតនៅលើគែមខាងស្តាំ ក្រោមប៊ូតុង Power ដែលប៊ូតុងថ្មីនេះ ត្រូវបានគេដឹងថា គឺនឹងប្រើសម្រាប់មុខងារ Zoom កាមេរ៉ាថតរូប និងវីដេអូ។ ក្នុងរូបភាពក៏បានបង្ហាញថា iPhone 16 Pro និង iPhone 16 Pro Max គឺមានទំហំធំជាងម៉ូដែល iPhone 16 និង iPhone 16 Plus បន្តិច។

បើតាមប្រភពរបាយការណ៍ជាច្រើនបាននិយាយថា Apple នឹងធ្វើការបង្កើនទំហំអេក្រង់របស់ iPhone 16 Pro និង iPhone 16 Pro Max ធំជាងជំនាន់ iPhone 15 Pro Series ឆ្នាំមុន ដោយក្នុងនោះ iPhone 16 Pro នឹងមានអេក្រង់ទំហំកើនឡើងដល់ 6.3-inch ខណៈ iPhone 16 Pro Max នឹងមានអេក្រង់កើនឡើងដល់ 6.9-inch ធំជាងមុនប្រមាណ 0.2-inch។ Apple នឹងធ្វើការបង្ហាញចេញផ្លូវការណ៍សម្រាប់ iPhone 16 Series នៅសប្តាហ៍ណាមួយក្នុងខែកញ្ញា ឆ្នាំ 2024៕
