ស្វែងរកពួកយើង:

គំរូរចនាថ្មី Galaxy S25 Ultra មានការផ្លាស់ប្តូររូបរាងថ្មី អេក្រង់រាបស្មើរ មិនមានគែមកោងដូចជំនាន់មុនៗនោះទេ

ដោយ

Koun Jab Luffy

09 វិច្ឆិកា 2024 09:33 ព្រឹក

អាន 2 នាទី

Article image
Samsung ត្រូវបានគេដឹងថានឹងមានការផ្លាស់ប្តូរការឌីស្សាញថ្មីសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលប្តូរពីការប្រើប្រាស់អេក្រង់កោងគែមមកអេក្រង់រាបស្មើរធម្មតាដែលមានគែម bezel ស្តើងតូចបំផុត។ តាមរូបភាពចុងក្រោយដែលបញ្ចេញដោយ Technizo Concept បានបង្ហាញថា Galaxy S25 Ultra គឺមានផ្លាស់ការរចនាថ្មីខុសពីជំនាន់មុន ជាមួយជម្រើសពណ៌ផងដែរ។
តាមរូបភាពដែលបានទម្លាយចេញមកចុងក្រោយនេះបង្ហាញថា Samsung Galaxy S25 Ultra មានជម្រើសពណ៌ដូចជា Titanium Black, Titanium Blue, Titanium Gray, និង Titanium Silver។ យ៉ាងណាមិញបើតាមការបញ្ជាក់ពីគណនី Ice Universe កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា Galaxy S25 Ultra មានជម្រើសពណ៌ដូចជា  black, green, blue, និង titanium។ ដែលកាលពីជំនាន់ Galaxy S24 Ultra គឺមានជម្រើសពណ៌ដូចជា Titanium Orange, Titanium Violet, និង Titanium Yellow។
Article image
រូបភាព render ថ្មីនេះបង្ហាញទៀតថា Galaxy S25 Ultra គឺមានផ្ទៃអេក្រង់ខាងមុខ ស៊ុមកណ្តាល និងផ្ទៃខ្នងក្រោយមានការឌីស្សាញរាបស្មើរ ដែលបង្ហាញថា Samsung បានធ្វើការផ្លាស់ប្តូរថ្មីជាលើកដំបូងសម្រាប់កំពូលស្មាតហ្វូនរបស់ខ្លួនពីការឌីស្សាញអេក្រង់កោងគែមមកអេក្រង់រាបស្មើរវិញម្តង។
Article image
Samsung Galaxy S25 Ultra ត្រូវបានគេរំពឹងទុកថា នឹងមានកម្រាស់ស្តើងស្លីមជាងជំនាន់ Galaxy S24 Ultra។ ហើយបើតាមការបង្ហាញនៅលើបញ្ចីរបស់ Geekbench បង្ហាញថា បងធំក្នុងគ្រួសារ Galaxy S ជំនាន់ថ្មីនេះ គឺមានលេខកូដសំគាល់ម៉ូដែល SM-S938U។ តាមការបង្ហាញនៅលើបញ្ចីរបស់ Geekbench បង្ហាញថា សមត្ថភាពប្រព័ន្ធដំណើរការរបស់ Galaxy S25 Ultra គឺទទួលបានពិន្ទុ 3,148 រត់នៅលើ Single-core CPU និងពិន្ទុ 10,236 នៅលើ Multi-core CPU តាមរយះទិន្នន័យពិន្ទុនេះ បានបង្ហាញថា Galaxy S25 Ultra គឺបានបង្កើនសមត្ថភាពដំណើរការខ្លាំងជាងជំនាន់ 24 Ultra បច្ចុប្បន្ន។
Article image
តាមដំណឹងបញ្ជាក់ថា Samsung Galaxy S25 Ultra គឺនឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Elite For Galaxy ផ្តាច់មុខតែម្តង។ ខណៈដែរប្អូន Galaxy S25 និង S25 Plus ត្រូវបានគេសង្ស័យថា អាចនឹងមានជម្រើសប្រើបន្ទះឈីប MediaTek Dimensity Series៕