ស្វែងរកពួកយើង:

គំរូរចនានៃរថយន្តអគ្គិសនី BYD Seal 06 ដែលជា Compact Sedan PHEV ម៉ូដែលថ្មីរបស់ BYD ត្រូវបានបង្ហាញចេញជាលើកដំបូង

ដោយ

Koun Jab Luffy

19 កុម្ភៈ 2024 06:32 ព្រលប់

អាន 3 នាទី

Article image
បើតាមប្រភពព័ត៌មានដែលបានចេញផ្សាយថ្មីៗនេះ បាននិយាយថា BYD នឹងធ្វើការប្រកាសចេញរថយន្តអគ្គិសនីម៉ូដែលថ្មីដែលជារថយន្តអគ្គិសនី Sedan ខ្នាតតូច ឬ Compact Sedan PHEV ម៉ូដែល BYD Seal 06។ ហើយនៅមុនពេលបង្ហាញខ្លួនផ្លូវការណ៍មកដល់ រូបភាពគំរូនៃការរចនានៃរថយន្ត Compact Sedan EV ស៊េរីថ្មីរបស់ BYD ត្រូវបានទម្លាយចេញនៅគេហទំព័ររបស់ស្ថាប័ន  Ministry of Industry and Information Technology របស់ប្រទេសចិន។
មើលតាមគំរូនៃការឌីស្សាញរបស់ BYD Seal 06 ម៉ូដែលថ្មីនេះ គឺទទួលបានការដុសខាតនៃការឌីស្សាញរូបរាងបែបថ្មីចុងក្រោយរបស់BYD ដែលមើលទៅពិតជាមានភាពស្រស់ស្អាតប្រណិតទាន់សម័យទាក់ទាញភ្នែកខ្លាំងយកតែម្តងហើយ។ បើមើលមួយចំហៀងខាងមុខនៃគំរូរថយន្តម៉ូដែល BYD Seal 06 គឺមានការឌីស្សាញប្រហាក់ប្រហែលគ្នារវាងម៉ូដែល BYD Seal DM-I និង Destroyed 05 អីចឹងដែរ ហើយតម្លៃវិញត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងមានជួរតម្លៃស្ថិតនៅចន្លោះរវាងម៉ូដែល BYD Seal DM-I និង Destroyed 05 ផងដែរ។
សរុបទៅគំរូនៃការឌីស្សាញរបស់ BYD Seal 06 គឺប្រើប្រាស់សែននៃការឌីស្សាញថ្មីចុងក្រោយនៃស្រឡាយ Ocean Series របស់ BYD។ ដោយនៅផ្នែកក្បាលខាងមុខមានការឌីស្សាញបែបបឺតស្លីមរំលេចជាមួយចង្គៀង LED Headlight ស្ថិតនៅគែមសងខាង ព្រមជាមួយរន្ធលំហូរខ្យល់ដើម្បីជួយកាត់បន្ថយកម្តៅនៅសងខាងនៃកាងខាងមុខ ការរចនាក្បាលនៃរថយន្តអគ្គិសនីស៊េរីថ្មីនេះរំលេចចេញភាពស្រួចស្លែមកាត់បន្ថយកំលាំងកកិតនៃខ្យល់បានល្អ។ ចំនែកផ្នែកត្រគៀកក្រោយមានការរចនាបែបបឺតស្លីមបែបប្រភេទរថយន្ត Hatchback ជាមួយកំណោមរាងមូលលើផ្នែកគូទក្រោយ។ BYD Seal 06 ត្រូវបានប្រភពបញ្ជាក់ថា ជា Compact Sedan EV ដែលមានទំហំវិមាត្ររួម 4830x1875x1495mm ជាមួយគម្លាតចន្លោះកង់មុខ និងកង់ក្រោយ 2790mm។
BYD Seal 06 គឺជារថយន្តអគ្គិសនីកូនកាត់ ឬ Plug-in-Hybrid ដែលមានលេខកូដសំគាល់ម៉ូដែល BYD472QC។ រថយន្ត Compact Sedan PHEV ម៉ូដែលថ្មីនេះ នឹងមានបំពាក់នូវម៉ាស៊ីនទំហំ 1.5L ដែលអាចផលិតកំលាំងបាន 74kW។ ជាមួយគ្នានេះ ប្រភពពីស្ថាប័នខាងលើបានបញ្ជាក់ថា BYD Seal 06 នឹងមានជម្រើសទំហំអាគុយ និងម៉ូទ័រអគ្គិសនីពីរជម្រើសផ្សេងគ្នា។ ដោយក្នុងនោះមានជម្រើសម៉ូដែលប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីទំហំ 10.08kWh ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចំងាយផ្លូវ 60km នៅពេលសាកភ្លើងពេញម្តង នេះបើតាមការបញ្ជាក់ពី Ministry of Industry and Information Technology (WLTC)។ ហើយមួយម៉ូដែលទៀតប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីទំហំ 15.87kWh អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចំងាយផ្លូវ 90km នៅពេលសាកភ្លើងពេញម្តង។
Article image
BYD Seal 06 នឹងប្រើប្រាស់ប្រព័ន្ធ EHS hybrid system ដើម្បីជួយសម្រួលដល់ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីជួយសន្សំសំចៃការប្រើប្រាស់ប្រេងសាំង ក៏ដូចជាកាត់បន្ថយនូវសំឡេងរំខានបានយ៉ាងល្អថែមទៀតផង។ បើតាមរបាយការណ៍បាននិយាយថា BYD Seal 06 ទំនងជានឹងបំពាក់នូវប្រព័ន្ធ DM-i super hybrid technology ចុងក្រោយរបស់ BYD ដែលជាប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃសម្រាប់រថយន្តប្រភេទ Hybrid ដោយបច្ចេកវិទ្យានេះជួយកែលម្អនូវប្រព័ន្ធថាមពលនៃរថយន្តបានយ៉ាងល្អ ព្រមទាំងជួយឲ្យម៉ាស៊ីន Hybrid របស់រថយន្តសន្សំសំចៃសាំងបានយ៉ាងល្អបំផុត ដែលតាមការបញ្ជាក់ការបើកបរចំងាយផ្លូវ 100km គឺស៊ីសាំងអស់ប្រមាណត្រឹម 3 លីត្រប៉ុណ្ណោះ ពិតជាសន្សំសំចៃខ្លាំងមែនទែន។ ទោះជាយ៉ាងគេមិនទាន់ដឹងច្បាស់ថា BYD Seal 06 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅពេលណានោះទេ ហើយតម្លៃក៏មិនទាន់ដឹងដូចគ្នា ដូចនេះ សូមបន្តរងចាំតាមដានជាបន្តទៀតទាំងអស់គ្នា៕