
គំរូរថយន្ត Ford Ranger Super Duty ស៊េរីឆ្នាំ 2026 ត្រូវបានគេថតបាននៅខណៈពេលដែលធ្វើការសាកល្បងបើកបរនៅលើដងវិថីក្នុងទឹកដីប្រទេសអូស្រ្តាលី។ រូបភាពដែលថតបាននេះ គឺបានបង្ហាញថា Ranger Super Duty ស៊េរីឆ្នាំ 2026 មានការរចនាជាមួយកាប៊ីនខាងមុខដែលមានតែកៅអីពីរប៉ុណ្ណោះ (Single-cab) ខណៈទ្រុងដឹងខាងក្រោយត្រូវបានពង្រីកបណ្តោយវែង (Ultra-cab)។ រូបភាព និងវីដេអូ របស់ Ranger Super Duty 2026 ត្រូវបានបង្ហាញនៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍ដែលមានឈ្មោះថា Next-Gen Ranger Group Australia។
រថយន្ត Ford Ranger Super Duty ស៊េរីឆ្នាំ 2026 ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការតេស្តសាកល្បងនៅក្នុងតំបន់ Victoria នៅមុនការបង្ហាញវត្តមានមកដល់ក្នុងឆ្នាំ 2026។ Ranger Super Duty 2026 ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពក្នុងការអូសសណ្តោងទំងន់បានដល់ 4,500kg។ រូបភាពថ្មីនៃម៉ូដែល Ford Ranger Super Duty 2026 ត្រូវបានបង្ហាញ នៅក្រោយការបង្ហាញនៃគំរូម៉ូដែល dual-cab-chassis ត្រូវបានធ្វើតេស្តកាលពីខែវិច្ឆិកា ឆ្នាំ 2024 នៅសហរដ្ឋអាមេរិក នៅជិតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Ford នៅ ទីក្រុង Dearborn ក្នុងរដ្ឋ Michigan។

ក្រុមហ៊ុន Ford បានបញ្ជាក់ហើយថា Ranger Super Duty 2026 នឹងមានសមត្ថភាពក្នុងការអូសសណ្តោងទំងន់បានដល់ 4,500kg ដូចគ្នានឹងម៉ូដែល Ford F-150, Chevrolet Silverado និង RAM 1500 ដែរ។ បច្ចុប្បន្នរថយន្ត Ford Ranger ដែលប្រើម៉ាស៊ីនម៉ាស៊ូតចំនុះ 3.0-liter Diesel V6 អាចអូសណ្តោងទំងន់បាន 3,500kg។ រថយន្ត Ford Ranger Super Duty ស៊េរីឆ្នាំ 2026 ត្រូវបានគេរំពឹងថា នឹងបំពាក់នៅម៉ាស៊ីនម៉ាស៊ូត 3.0-liter turbo-diesel V6 ដែលប្រើនៅលើម៉ូដែល Ranger បច្ចុប្បន្ន គ្រាន់តែមានការបង្កើនសមត្ថភាពខ្លាំងជាងដែលអាចបង្កើនកំលាំងដល់ 184kW និងកំលាំងរមូល 600Nm សម្រាប់ការអូសសណ្តោងទំងន់បានធ្ងន់ជាងមុន។

បន្ថែមពីនេះ Ford Ranger Super Duty 2026 ក៏អាចនឹងប្រើប្រាសនូវប្រព័ន្ធ Front Suspension របស់ម៉ូដែល Ford Raptor ផងដែរ ក្នុងនោះរួមមានប្រព័ន្ធគ្រប់គ្រង់លំនឹងខាងមុខ cast alloy front control arms ជាដើម។ Ford Ranger Super Duty ក៏នឹងប្រើយ៉ាន់កង់ទំហំ 18-inch ជាមួយសម្បកកង់ខ្នាត 33-inch ជាប្រភេទសម្បក General Grabber all-terrain tyres។ សម្រាប់ការរចនាផ្នែកខាងមុខ ត្រូវបានគេមើលឃើញថា រក្សានូវអត្តសញ្ញាណរថយន្តម៉ាក Ranger ដដែល គឺចង្កៀង LED Daytime running light រចនាជារាងអក្សរ C កាច់ចូលក្នុងអមចង្កៀងអំពូល LED បំភ្លឺពេលយប់។ Ford Ranger Super Duty 2026 នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2026 ខណៈតម្លៃបឋមរបស់រថយន្ត Pick Up ថ្មីនេះ មិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេ៕
