ស្វែងរកពួកយើង:

គំរូរថយន្តអគ្គិសនីសុទ្ធស៊េរីថ្មី Toyota bZ7 បានបង្ហាញវត្តមានលើកដំបូងនៅក្នុងប្រទេសចិន

ដោយ

Koun Jab Luffy

22 វិច្ឆិកា 2024 12:57 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីព្រឹត្តិការណ៍ Guangzhou Auto Show ដែលធ្វើឡើងនៅថ្ងៃទី 15 ខែវិច្ឆិការសប្តាហ៍មុន នៅប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានធ្វើការដាក់តាំងបង្ហាញគំរូរថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីក្នុងត្រកូល bZ ម៉ូដែល Toyota bZ7។ គំរូរថយន្តអគ្គិសនីរចនាជា C-class Sedan របស់ជប៉ុនមួយនេះ ត្រូវបានគេដឹងថា នឹងចូលក្នុងសង្វាក់ផលិតកម្មនៅឆ្នាំក្រោយនេះ ហើយក៏នឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិនដូចជា Xiaomi SU7, BYD Han និង Luxeed S7 ជាដើម។
Toyota bZ7 ត្រូវបានគេដឹងថា ជាម៉ូដែលសម្រាប់តែទីផ្សារប្រទេសចិនតែប៉ុណ្ណោះ ខណៈទីផ្សារក្រៅពីប្រទេសចិន Toyota មានម៉ូដែល bZ4X ដែលកំពុងចរាចរលក់នៅលើទីផ្សារជាច្រើននៅទូទាំងពិភពលោក។ bZ គឺជាម៉ាកយីហោរថយន្តអគ្គិសនីរបស់ Toyota ដែលកំពុងមានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រទេសចិន ហើយសម្រាប់ម៉ូដែលដំបូងដែល Toyota បានចេញលក់នៅទីផ្សារប្រទេសចិន គឺជា bZ3 ដែលជារថយន្ត Sedan EV។
Article image
សម្រាប់ម៉ូដែលថ្មី bZ7 នឹងត្រូវផលិតដោយក្រុមហ៊ុន GAC-Toyota នៅក្នុងប្រទេសចិន ហើយអាចនឹងចេញលក់នៅក្នុងឆ្នាំ 2025។ កាលពីខែឧសភា GAC Group បានប្រកាសពីគម្រោងថ្មីមួយដែលមានឈ្មោះថា GAC Toyota Project 630D ដូចនេះរថយន្តម៉ូដែល bZ7 ថ្មីនេះ ត្រូវបានគេដឹងថាកើតចេញពីគម្រោងមួយនេះ។
នៅក្នុងគម្រោងនេះ គឺមានការចំណាយទឹកប្រាក់វិនិយោគចំនួន 218 លានដុល្លារអាមេរិក ហើយកន្លងមក GAC Toyota មានគម្រោងក្នុងការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធប្រភេទ medium-to-large sedan នៅក្នុងឆ្នាំនេះ ដូចនេះ Toyota bZ7 គឺជាម៉ូដែលដំបូងដែលកើតចេញពីគម្រោង Project 630D នេះ។
Article image
បច្ចុប្បន្នGAC-Toyota JV បានធ្វើការចេញលក់រថយន្តអគ្គិសនីចំនួនពីរម៉ូដែល គឺ bZ3X និង bZ4X ខណៈដែល FAW-Toyota JV បានធ្វើការចេញលក់ម៉ូដែល bZ3 និង bZ4X។ ជាមួយគ្នានេះ FAW-Toyota JV ក៏ត្រៀមធ្វើការចេញលក់រថយន្តអគ្គិសនីម៉ូដែលថ្មី bZ3C ផងដែរ ក្រោយពីរថយន្តថ្មីនេះទទួលបានវិញ្ញាណបនប័ត្រពីស្ថាប័ន MIIT របស់ប្រទេសចិនកាលពីខែកញ្ញារួចហើយ។ ដោយឡែកសម្រាប់ម៉ូដែល bZ3X ត្រូវបានបង្ហាញនៅលើគេហទំព័ររបស់ GAC Toyota រួចហើយ ប៉ុន្តែ ការនាំចេញអាចនឹងពន្យាពេលដល់ខែមិនា ឆ្នាំ 2025។
រថយន្ត Toyota bZ3X  និង bZ3C បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024 កាលពីដើមឆ្នាំ ក្រោយការបង្ហាញនៅក្នុងព្រឹត្តិការណ Shanghai Auto Show 2023។ ចំនែកម៉ូដែល bZ7 ថ្មីនេះត្រូវបានគេរំពឹងថា នឹងចេញលក់ផ្លូវការណ៍នៅរដូវក្តៅក្នុងឆ្នាំ 2025។
សូមបញ្ជាក់ថា រថយន្តអគ្គិសនីរបស់ Toyota ទាំងអស់ គឺប្រើប្រាស់នូវប្រព័ន្ធដំណើរការ Powertrain របស់ក្រុមហ៊ុន BYD រួមមានកញ្ចប់ថ្ម LFP blade battery និងប្រព័ន្ធម៉ូទ័រអេឡិចត្រូនិចជាដើម ដូចនេះម៉ូដែល bZ7 ថ្មីនេះ ក៏នឹងប្រើប្រាស់បច្ចេកវិទ្យា Powertrain របស់ក្រុមហ៊ុន BYD ដូចគ្នា។ គ្រាន់តែលក្ខណៈសម្បត្តិ និងតម្លៃលម្អិតរបស់ Toyota bZ7 មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
គំរូរថយន្តអគ្គិសនីសុទ្ធស៊េរីថ្មី Toyota bZ7 បានបង្ហាញវត្តមានលើកដំបូងនៅក្នុងប្រទេសចិន