ស្វែងរកពួកយើង:

គំរូរូបភាពថ្មីរបស់បង្ហាញថា Samsung Galaxy Z Fold 7 មានកម្រាស់ស្តើងជាងជំនាន់មុន

ដោយ

Koun Jab Luffy

26 កុម្ភៈ 2025 07:50 ព្រឹក

អាន 2 នាទី

Article image
Samsung នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 7 នៅក្នុងខែកក្តដា ឆ្នាំនេះ ហើយនៅថ្ងៃនេះ មានការទម្លាយចេញរូបភាពថ្មី សម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ។ បើតាមគំរូរូបភាពដែលផលិតដោយ CAD បង្ហាញថា ការរចនារូបរាងរបស់ Galaxy Z Fold 7 ហាក់មិនសូវជាខុសគ្នានឹងម៉ូដែល Galaxy Z Fold 6 បច្ចុប្បន្ននោះទេ ប៉ុន្តែ អ្វីដែលទាញការចាប់អារម្មណ៍ គឺទៅលើកម្រាស់របស់ Galaxy Z Fold 7 តែម្តង គឺស្តើងស្លីមជាងបើធៀបនឹងកម្រាស់ Galaxy Z Fold 6។
ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ បាននឹងកំពុងព្យាយាមក្នុងការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់របស់ខ្លួនឲ្យមានភាពស្តើងបន្តិចម្តងៗ ដើម្បីប្រជែងកម្រាស់ជាមួយនឹងស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិន។ ដូចជាថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបានបញ្ចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីម៉ូដែល Find N5 ដែលជាស្មាតហ្វូន Foldable កម្រាស់ស្តើងបំផុតជាងគេក្នុងលោក។
Article image
ទោះជាយ៉ាងណា Galaxy Z Fold 7 អាចនឹងមានកម្រាស់ស្តើងជាង OPPO Find N5 ឡើង ប៉ុន្តែ អាចនឹងមានកម្រាស់ស្តើងប្រហាក់ប្រហែលគ្នា ដោយ Find N5 មានកម្រាស់ត្រឹមតែ 4.2mm នៅពេលពន្លាយអេក្រង់ និង 8.9mm នៅពេលបត់អេក្រង់។ ដូចនេះ Galaxy Z Fold 7 នឹងមានកម្រាស់ប្រហាក់ប្រហែលគ្នានឹង Find N5 ដែរ។
Article image
Samsung Galaxy Z Fold 7 នឹងមានទំហំវិមាត្រ 158.4 x 143.1mm ដែលខ្ពស់ជាង និងទទឹងវែងជាងប្រហែល 1cm ធៀបនឹង Galaxy Z Fold 6 ដូចនេះមានន័យថា ទំហំវិមាត្រអេក្រង់ខាងក្រៅរបស់ Z Fold 7 នឹងមានភាពទូលាយជាង។ សម្រាប់ទំហំថ្មវិញ Galaxy Z Fold 7 នឹងរក្សាទំហំ 4,400mAh ដូចជំនាន់មុន ខណៈដៃគូប្រជែងមានទំហំថ្មឡើងដល់ 5,600mAh។ Galaxy Z Fold 7 នឹងមានអេក្រង់បត់ខាងក្នុងទំហំ 8.2-inch និងអេក្រង់ខាងក្រៅទំហំ 6.5-inch។ ស្មាតហ្វូនអេក្រង់បត់របស់កូរ៉េខាងត្បូងមួយនេះ ក៏នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elit របស់ Qualcomm ផងដែរ។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ នឹងមានកាមេរ៉ាក្រោយចំនួនបីគ្រាប់ទំហំ 200MP Main +12MP Ultra +10MPTelephoto។ ទៅលើសែនស័រកាមេរ៉ាបង្កប់ក្រោមអេក្រង់វិញ អាចនឹងរក្សាទំហំ 4MP ដូចគ្នានឹងជំនាន់ Galaxy Z Fold 6 និងកាមេរ៉ាលើអេក្រង់ខាងក្រៅមានទំហំ 10MP៕