
មួយរយៈនេះមានការបែកធ្លាយជាច្រើនទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series របស់ក្រុមហ៊ុន Samsung ហើយថ្មីៗនេះ អ្នកទម្លាយ Sonny Dickson ក៏ទើបតែចែករំលែករូបភាពនៃការឌីស្សាញរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ នៅក្នុងរូបភាពខាងលើនេះ គឺមានការបង្ហាញនូវការឌីស្សាញទៅលើស្មាតហ្វូនស៊េរីថ្មីចំនួន 3 ម៉ូដែល រួមមានដូចជា Galaxy S26, Galaxy S26 Edge និង Galaxy S26 Ultra។
បើមើលទៅលើការឌីស្សាញខាងលើនេះ គឺមិនទាន់ច្បាស់ទាំងស្រុងនោះទេ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះ គឺទៅលើស្មាតហ្វូន Galaxy S26 Edge មាន lenses កាមេរ៉ាខុសប្លែកពីស្មាតហ្វូន 2 ផ្សេងទៀត។ សម្រាប់ Lenes កាមេរ៉ាថ្មីនេះមានការឌីស្សាញទម្រង់បញ្ឈរជាមួយនឹងភ្លើង LED Flash។ បើតាមអ្នកទម្លាយ Ice Universe បានអោយដឹងថា ស្មាតហ្វូនថ្មីនេះអាចនឹងមានថាមពលថ្មទំហំចាប់ពី 4,200mAh ហើយកម្រាស់របស់ស្មាតហ្វូននេះក៏បន្ថយពី 5.8mm ទៅកាន់ 5.5mm ផងដែរ។

គួរបញ្ជាក់ថា រូបភាពនៃការឌីស្សាញរបស់ស្មាតហ្វូនទាំង 3 នេះ គឺបង្ហាញអំពីការឌីស្សាញកាមេរ៉ានៅលើផ្នែកខាងក្រោយមានភាពខុសៗគ្នា។ ស្មាតហ្វូនថ្មីៗនេះ ត្រូវបានគេទម្លាយថា អាចនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន Qi2 wireless charging និងទ្រទ្រង់ជាមួយនឹង magnetic ថែមទៀតផង។

សូមជំរាបថា កន្លងមក ក្រុមហ៊ុន Google ក៏ធ្លាប់នាំយកនូវមុខងារនេះមកកាន់ស្មាតហ្វូន Google Pixel 10 ផងដែរ ដូច្នេះហើយ ក្រុមហ៊ុន Samsung អាចនឹងគិតទៅដល់រឿងនេះដូចគ្នា។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 ស៊េរីថ្មីនេះ អាចនឹងបង្ហាញខ្លួននៅដើមឆ្នាំនេះ ដូចនេះ ក្រុមហ៊ុន Samsung នៅសល់ពេលវេលាក្នុងការបញ្ចប់ទៅលើការឌីស្សាញសម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួនបានកាន់តែច្រើន៕
