
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា អាចនឹងមាការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនចំនួន 3 ម៉ូដែលនៅក្នុងខែកក្កដាខាងមុខនេះហើយ ដោយម៉ូដែលទាំងនេះ មានដូចជា Galaxy Z Fold7, Z Flip7 និង Z Flip7 FE។ សូមជំរាបថា កាលពីប៉ុន្មានប៉ុន្មានសប្តាហ៌មុននេះ មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនអេក្រង់បត់បាននេះហើយ ស្របពេលជាមួយគ្នា អ្នកទម្លាយ Max Jambor ក៏បានបញ្ចេញនូវរបាយការណ៌ស្តីពីការដាក់តាំងនូវគំរូស្មាតហ្វូនទាំងនេះនៅតាមហាងលក់របស់ Samsung ឆាប់ៗនេះផងដែរ។
បើតាមរបាយការណ៌កាលពីមុននេះបន្តិចបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានទាំង 3 ម៉ូដែលនេះ គឺជាស្មាតហ្វូនដែលមានការឌីស្សាញតាមទម្រង់ដូចម៉ូដែលមុនៗអញ្ចឹងដែរ ប៉ុន្តែឆ្នាំនេះ អាចនឹងមានការបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញវត្តមាននៅពេលខាងមុខបន្ទាប់ពីវត្តមាន Galaxy S25 Edge ដែលទើបនឹងប្រកាសចេញនាពេលថ្មីៗនេះ។

Galaxy Z Flip7 FE ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនអេក្រង់បត់បានថ្មី មានទម្ងន់ 187g នេះបើតាមការក្រុមហ៊ុនដឹកជញ្ជូន shipping manifest។ ទម្ងន់នេះ គឺស្មើរគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន Z Flip6 ដែលមានវត្តមានកាលពីឆ្នាំមុន។ សម្រាប់ម៉ូដែល FE នេះ ត្រូវគេទម្លាយថា នឹងមានការឌីស្សាញរូបរាងប្រហែលគ្នាជាមួយនិងម៉ូដែលមុនដែរ ដោយមានអេក្រង់ខាងក្រៅទំហំ 3.4 អ៊ីង ប្រៀបធៀបជាមួយនិងម៉ូដែលថ្មី Z Flip7 គឺនឹងមានការឌីស្សាញអេក្រង់លាតពេញនៅលើខ្នងក្រោយតែម្តង។

ស្មាតហ្វូនអេក្រង់បត់បានថ្មីទាំង 2 នេះ អាចនឹងមានការបំពាកនូវបន្ទះឈីប Exynos 2500 សម្រាប់ម៉ូដែល Galaxy Z Flip7 ខណៈដែលម៉ូដែល FE មានការប្រើប្រាស់នូវបន្ទះឈីប Exynos 2400។ សម្រាប់ទីផ្សារអាមេរិកខាងជើង និងចិន ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការប្រើប្រាស់នូវបន្ទះ Snapdragon 8 Elite។ ក្រឡេកមកមើលស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Fold7 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite នៅគ្រប់ទីផ្សារទាំងអស់នៅលើពិភពលោកតែម្តង។

