គំរូផលិតកម្ម Lexus LFA Supercar EV បង្ហាញខ្លួននៅក្នុងបន្ទប់តាំងបង្ហាញផ្លូវការណ៍នៅមុនការផលិតក្នុងឆ្នាំ 2027
បន្ទាប់ពីការបង្ហាញគំរូកាលពីមួយឆ្នាំមុន នៅពេលនេះ រថយន្តអគ្គិសនីជំនាន់ថ្មីម៉ាក Lexus របស់ម៉ូដែល Lexus LFA ត្រូវបានគេប្រទះឃើញដាក់តាំងនៅក្នុងបន្ទប់តាំងបង្ហាញរថយន្តជាផ្លូវការណ៍ ខណៈការផលិតរថយន្តជំនាន់ថ្មីនេះ នឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2027។ Lexus LFA ដែលជារថយន្ត Supercar EV ជំនាន់ថ្មីរបស់ Lexus ចូលទីផ្សារជាផ្លូវការណ៍នៅឆ្នាំ 2027 ដើម្បីជំនួសម៉ូដែល LFA ប្រើម៉ាស៊ីនសាំង V10 Petrol engine ហើយជំនាន់អគ្គិសនីថ្មីនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាកញ្ចប់ថ្ម solid-state battery ជំនាន់ថ្មី។ 

ក្រុមហ៊ុន Lexus បានសាកល្បងក្នុងការចាប់ផ្ដើមឡើងវិញនូវរថយន្ត Supercar LFA ដែលប្រើថាមពលអគ្គិសនីសុទ្ធអស់រយៈពេលកន្លះទសវត្សរ៍មកហើយ ដោយបានបង្ហាញពីគំនិតរថយន្តស្ព័រ Electrified Sport Car ដំបូងក្នុងឆ្នាំ 2021 មុនពេលធ្វើបច្ចុប្បន្នភាព និងកែសម្រួលវាទៅជា Sport Car Concept ដែលបានដាក់បង្ហាញនៅក្នុងខែសីហា ឆ្នាំ 2025។ គំរូដំបូងរបស់ Supercar របស់ Lexus ត្រូវបានក្រុមហ៊ុនធ្វើការឧទ្ទេសនាមថ្មីថា Lexus LFA Concept នៅក្នុងខែធ្នូ ឆ្នាំ2025 ហើយនៅពេលនេះ រថយន្តថ្មីនេះត្រូវបាន Lexus បញ្ជាក់ថា នឹងចាប់ផ្តើមផលិតដោយផ្គួរផ្គង់ជាបងប្អូនភ្លោះជាមួយនឹងរថយន្ត Toyota GR GT ដែលដំណើរការដោយម៉ាស៊ីនសាំង V8។

លោក Shogo Kasamatsu ដែលជាអ្នកបំផុសគំនិតលើការឌីស្សាញ Lexus LFA EV បានប្រាប់បណ្តាញសារព័ត៌មាន Autocar របស់ចក្រភពអង់គ្លេសថា រថយន្តអគ្គិសនីប្រភេទ Supercar ថ្មីរបស់ Lexus មួយនេះ នឹងរួចរាល់សម្រាប់ការប្រកាសចេញនៅក្នុងឆ្នាំ 2027 ដោយសារតែពេលនេះ គំរូផលិតកម្មផ្លូវការណ៍នៃរថយន្តថ្មីនេះ ស្ទើរតែបញ្ជប់ទាំងស្រុងទៅហើយ។ គំរូរថយន្ត Lexus LFA Supercar EV ដែលមានការស្រោបបិតបាំងត្រូវបានក្រុមហ៊ុននាំទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed កាលពីចុងសប្តាហ៍មុននេះ។ ជាពិសេសវា ត្រូវបានធ្វើការបើកបរសាកល្បងលើផ្លូវឡើងភ្នំជាមួយនឹងរថយន្ត Toyota GR-GT និងរថយន្តប្រណាំង GR-GT3 ថែមទៀតផង។

Lexus LFA Supercar EV នឹងទទួលបានការប្រើប្រាស់នូវស្ថាបត្យកម្មប្រព័ន្ធគ្រោងឆ្អឹងប្រភេទ Aluminium architecture ដូចគ្នានឹងម៉ូដែលើ GR-GT ដែរ។ គំរូរបស់ Lexus LFA EV បង្ហាញថាវាមានប្រវែងតួរខ្លួន 4,690mm ខ្លីជាង GR-GT ដែលមានប្រវែង 4,820mm / ទទឹង 2,040mm ធំទូលាយជាងGR-GT ដែលមានប្រវែង 2,000mm ខណៈកំពស់ 1,195mm និងគម្លាតកង់មុខទៅកង់ក្រោយ  2,725mm គឺស្មើរគ្នានឹង GR-GT ដែរ។

រថយន្ត Supercar EV ថ្មីនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាថ្ម Solid-state ជំនាន់ថ្មី ដែលផ្តល់នូវប្រសិទ្ធិភាពថាមពលខ្លាំងជាងបច្ចេកវិទ្យាថ្មបច្ចុប្បន្ន។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីទំហំថ្ម អនុភាពនៃកម្លាំងប្រព័ន្ធម៉ូទ័រអគ្គិសនី រយះចម្ងាយបើកបរ និងលក្ខណៈបច្ចេកទេសផ្សេងទៀតរបស់ Lexus LFA Supercar EV 2027 នៅមិនទាន់បានទម្លាយចេញនៅឡើយទេក្នុងពេលនេះ៕