
ថ្មីៗនេះ ប្រទេសជប៉ុនបានក្លាយជាប្រទេសដំបូងគេក្នុងលោកដែលបានធ្វើការដាក់បង្ហាញនូវគំរូឧបករណ៍ដែលដំណើរការដោយប្រព័ន្ធសេវាជំនាន់ថ្មី 6G។ ដែលឧបករណ៍នេះ មានសមត្ថភាពអាចធ្វើការបញ្ជូនទិន្នន័យបានដល់ទៅ 100gigabite ក្នុងមួយវិនាទី (Gbps) ដែលគ្រប់ដណ្តប់លោកផ្ទៃដីប្រមាណជាង 300ហ្វីត។ ដែលល្បឿននេះ គឺត្រូវបានបង្កើនខ្ពស់ជាងបច្ចេកវិទ្យាសេវា 5G បច្ចុប្បន្នប្រមាណដល់ទៅជាង 20 ដងឯណោះ។
សម្រាប់គំរូនៃឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោកនេះ ត្រូវបានចូលរួមសហការសាកល្បងដោយក្រុមហ៊ុនទូរគមនាគមន៍សំខាន់ៗរបស់ប្រទេសជប៉ុនដូចជា DOCOMO, NTT Corporation, NEC Corporation, និង Fujitsu ជាដើម។ លទ្ធផលធ្វើតេស្តសាកល្បងប្រព័ន្ធសេវាជំនាន់ថ្មីនេះ ត្រូវបានប្រកាសជោគជ័យកាលពីថ្ងៃទី 11 ខែមេសា កន្លងទៅ។ ក្រុមហ៊នដែលបានចូលរួមក្នុងការសាកល្បងប្រព័ន្ធសេវាជំនាន់ថ្មីនេះ បានបង្ហាញថា ឧបករណ៍ដែលដំណើរការដោយប្រព័ន្ធ 6G គឺមានល្បឿនលឿនដល់ទៅ 100Gbps សម្រាប់ការប្រើប្រាស់នៅខាងក្នុង (indoor using) ជាមួយកម្រិតហ្រ្វេកង់ 100GHz និងការប្រើប្រាស់ខាងក្រៅ (Outdoor Using)មានល្បឿនហ្រ្វេកង់ខ្ពស់ដល់ 300GHz។

សម្រាប់ការធ្វើតេស្តនេះ គេប្រើរយះចំងាយជាង 328 ហ្វីត ឬប្រមាណជា 100 ម៉ែត្រ។ សម្រាប់ស្តង់ដារបញ្ចូលទិន្នន័យជាមួយប្រព័ន្ធសេវា 5G Network បច្ចុប្បន្ន គឺបានប្រមាណ 10Gbps។ ចំនែកស្តង់ដារនៃល្បឿនជាទូទៅ គឺជាមធ្យមប្រមាណជា 200Mbps សម្រាប់អ្នកប្រើបណ្តាញសេវារបស់ក្រុមហ៊ុន T-Mobile ក្នុងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាមិនទាន់មានព័ត៌មានស្តីពីការដាក់ពង្រាយនៅប្រព័ន្ធសេវាជំនាន់ថ្មី 6G Network នៅឡើងទេ ប៉ុន្តែ គេមានការព្យាករណ៍ថា ឆាប់ៗនេះឧបករណ៍ជំនាន់ថ្មីអាចនឹងធ្វើការអភិវឌ្ឍន៍ផលិតជាមួយនិងអង់តែនសេវា 6G នៅមុនពេលដែលប្រព័ន្ធបណ្តាញសេវាជំនាន់ថ្មីនេះប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍៕
