
នៅថ្ងៃនេះ មានអ្នកទម្លាយមួយដែលមានឈ្មោះថា Sonny Dickson បានធ្វើការចែកចាយនូវរូបភាពថ្មីមួយ ដោយបានបង្ហាញនូវជម្រើសពណ៌ថ្មីៗចំនួន 3 ពណ៌ ដែលមាននៅលើស្មាតហ្វូន iPhone 16 Pro ដោយក្នុងនោះពណ៌ដែលប្លែកជាងគេ គឺ Black Titanium ដែលពណ៌នេះ ត្រូវបានគេនិយាយថា មានភាពស្រដៀងគ្នាទៅនឹងអ្វីដែលយើងធ្លាប់បានឃើញនៅលើស្មាតហ្វូន iPhone 15 Pro កន្លងមកអញ្ចឹងដែរ។
គួរបញ្ជាក់ថា មុននេះ បើតាមការទម្លាយចេញពីអ្នកវិភាគ Ming-Chi Kuo រួមជាមួយនិងអ្នកទម្លាយជាច្រើនទៀត បានចែកចាយព័ត៌មានពីពណ៌របស់ iPhone 16 Pro នេះម្តងរួចហើយ ដោយកាលនោះ គឺបានបញ្ជាក់ថា ស្មាតហ្វូននេ នឹងមានពណ៌ខ្មៅ ពណ៌ស ឬពណ៌ទឹកប្រាក់ ប្រផេះ ឬ "Natural Titanium" និងពណ៌ Rose ឬ Rose Gold ដែលជំនួសដោយពណ៌ Blue Titanium ថែមទៀតផង។
ប៉ុន្តែបើមើលទៅលើរូបភាពដែលទម្លាយចេញពី Dickson គឺបានបង្ហាញថា iPhone 16 Pro គឺមាន ពណ៌ស ពណ៌ខ្មៅ និងប្រផេះ ដោយមិនមានការនិយាយអំពីពណ៌ Rose Gold ដែលថ្មីៗនេះ មានអ្នកទម្លាយម្នាក់ បានបង្ហោះនៅលើអ៊ីនធឺណិតនោះទេ។ ក្រុមហ៊ុន Apple មិនមានពណ៌មាស (Gold) នៅលើស្មាតហ្វូន iPhone 15 នោះទេ ដូចនេះ ជម្រើសពណ៌ផ្សេងប្រហែលជាមានតម្រូវការខ្ពស់ជាង។

យោងតាមពាក្យចចាមអារ៉ាមថ្មីនៅពេលនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏មានការពង្រឹងទៅលើរូបរាង និងពណ៌កាន់តែប្រសើរជាងការប្រើប្រាស់នូវអាលុយមីញ៉ូមដូចនៅលើស្មាតហ្វូន iPhone 15 Pro ដែលមានវត្តមាននៅលើទីផ្សារនៅពេលនេះផងដែរ។ សម្រាប់តួរទាំងមូលរបស់ស្មាតហ្វូនថ្មីនេះ នឹងមានប្រើប្រាស់នូវដែកអ៊ីណុក (Stainless Steel) ដែលធន់ទៅនឹងស្នាមឆ្កូតបានទៀតផង។ សម្រាប់ពេលនេះ យើងនៅមិនទាន់មានឈ្មោះនៃពណ៌ផ្លូវការនោះទេ ប៉ុន្តែក្រុមហ៊ុន Appleត្រូវគេរំពឹងថា អាចនឹងជ្រើសរើសនូវពាក្យថា Titanium សម្រាប់ឈ្មោះផ្លូវការនៃពណ៌ថ្មី របស់ស្មាតហ្វូនថ្មីរបស់ខ្លួននាពេលខាងមុខនេះ៕
