
មួយរយៈចុងក្រោយនេះ ការទម្លាយព័ត៌មានថ្មីៗរបស់ iPhone 16 Series ត្រូវបានគេមើលឃើញថា មានការផុសផុលយ៉ាងខ្លាំងនៅលើអនឡាញ ខណៈដែលការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នេះ នឹងមានការប្រកាសចេញជាផ្លូវការនៅលើទីផ្សារនាខែកញ្ញាខាងមុខនេះហើយ។ យោងតាមការទម្លាយជាថ្មីដោយលោក Sonny Dickson នៅថ្ងៃនេះ គឺបានបង្ហាញចេញនូវពណ៌ថ្មីៗចំនួន 4 ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro ថែមទៀតហើយ។
នៅក្នុងជម្រើសពណ៌ទាំងនោះ គេឃើញមានពណ៌ Rose Gold ឬ "bronze" ត្រូវបានគេមើលឃើញថា នឹងជំនួសទៅលើពណ៌ Blue Titanium ដែលមាននៅលើស្មាតហ្វូន iPhone 15 Pro ដែលចេញលក់កាលពីឆ្នាំមុន។ បើតាមអ្នកវិភាគ Ming-Chi Kuo ក៏ដូចជាអ្នកទម្លាយជាច្រើនទៀត បាននិយាយថា ជាមួយនិងវត្តមាន iPhone 16 Pro ឆ្នាំនេះ នឹងមានពណ៌ខ្មៅ ស ឬ ពណ៌ទឹកប្រាក់ ប្រផេះ ឬ "Natural Titanium" និងពណ៌ផ្កាឈូក ឬ Rose Gold ជំនួសទៅលើពណ៌ Blue Titanium។ រូបភាពជាច្រើនរបស់ Dickson និយាយថា ក្រុមហ៊ុន Apple នឹងមិនប្រើប្រាស់នូវពណ៌មាសនោះទេ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Apple គឺមានការពង្រឹងទៅលើពណ៌នៅលើម៉ូដែល Titanium ដែលមានភាពភ្លឺច្បាស់ ជាជាងការប្រើប្រាស់នូវអាលុយមីញ៉ូមដូចអ្វីដែលយើងឃើញនៅលើស្មាតហ្វូន iPhone 15 Pro នាពេលកន្លងមក។ ប្រភពខាងលើនេះ បានបន្តថា ការប្រើប្រាស់នូវពណ៌ថ្មីនេះ គឺមានភាពធន់ទៅនឹងស្នាមឆ្កូត។ ជាថ្មីម្តងទៀត! iPhone 16 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នឹងបង្ហាញខ្លួននៅក្នុងពាក់កណ្តាលខែកញ្ញាខាងមុខនេះហើយ៕
